(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងម្នាក់ បានឱ្យដឹងថាសមយុទ្ធយោធារួមគ្នាមួយ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងត្រូវធ្វើឡើងតាមការរំពឹងទុក នៅខែសីហា ក្រោយនេះ ខណៈទីក្រុងព្យុងយ៉ាងចោទថាជាទង្វើរំលោភលើកិច្ចព្រមព្រៀងរបស់លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។

មន្ត្រីទទួលគម្រោងសន្តិភាពរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន គឺលោក Choi Jong-kun ធ្វើការកត់សម្គាល់ខាងលើ នាឱកាសចូលរួមវេទិកាយុទ្ធសាស្ត្រប្រចាំឆ្នាំ នៃវិទ្យា Aspen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍។ លោក Choi បាន គូសបញ្ជាក់បន្ថែមដូច្នេះថា៖ «សមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង មិនមែនជាការត្រៀម លក្ខណៈឈ្លានពាននោះទេ...តែវាគឺជាការពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំង២ ដោយ សមយុទ្ធនេះនឹងធ្វើឡើងដោយផ្ដោតសំខាន់លើប្រព័ន្ធកុំព្យូទ័រ មិនមែនកងទ័ពនោះទេ»

គួរជម្រាបថា កូរ៉េខាងជើង តែងតែថ្កោលទោសជារឿយៗចំពោះការធ្វើសមយុទ្ធយោធា រួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មិនថាធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយធំ ឬតូចនោះឡើយ ដោយចាត់ទុកវាថាជាទង្វើរំលោភកិច្ចព្រមព្រៀង ត្រាំ-គីម និងបំផ្លាញ សន្តិភាពនៅលើឧបទ្វីបកូរ៉េ៕