(វ៉ាស៊ីនតោន)៖ យោធាអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះបានឲ្យដឹងថា មន្ទីរបញ្ចកោណបានអនុញ្ញាតឱ្យមានការបញ្ជូនកងកម្លាំងយោធា និងគ្រឿងបរិក្ខានានា ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីជួយទប់ស្កាត់ «ការគំរាមកំហែង​ដែលអាចនឹងកើតមានឡើង»។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ នារសៀលថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ចេញដោយបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានអះអាងថា វិធានការនេះនឹងផ្តល់ការការពារបន្ថែមសម្រាប់កងកម្លាំងអាមរិក និងផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់ ពីការលេចឡើងនូវការគំរាមកំហែងណាមួយជាបន្ទាន់។
យោងតាមសេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ទៀតថា ការសម្រេចចិត្តនេះ គឺធ្វើឡើងស្របតាមការស្នើសុំរបស់ភាគីអារ៉ាប៊ីសាអូឌីត។

យ៉ាងណាមិញ ទីបញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) នៅបន្តវាយតម្លៃកម្លាំងដែលមាននៅក្នុងតំបន់ ដោយពុំទាន់បានកំណត់ចំនួនយោធា និងប្រភេទធនធានជាក់លាក់ ដែលត្រូវបញ្ជូនទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅឡើយទេ។
តាមរយៈការស្រង់សម្តីពីមន្ត្រីការពារជាតិអាមេរិកពីររូប ទូរទស្សន៍អាមេរិក CNN បានធ្វើសេចក្តីរាយការណ៍កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះថា ទាហានអាមេរិកចំនួន ៥០០នាក់ ត្រូវបានគេរំពឹងថា នឹងត្រូវគេដាក់ពង្រាយទៅកាន់មូលដ្ឋានទ័ពអាកាសស៊ុលតង់ ដែលស្ថិតនៅតំបន់វាលខ្សាច់ភាគខាងកើត នៃរដ្ឋធានីរីយ៉ាតរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

គួរជម្រាបថា កាលពីខែមុនរដ្ឋបាលលោក ដូណាល់ ត្រាំ បានដាក់ផែនការថា នឹងដាក់ពង្រាយទ័ពបន្ថែមចំនួន ១,០០០នាក់ទៅកាន់មជ្ឈិមបូព៌ា។ ដូច្នេះទូរទស្សន៍ CNN បានកត់សម្គាល់ថា កងទ័ពដែលនឹងត្រូវបញ្ជូនទៅអារ៉ាប៊ីសាអ៊ូឌីតពេលនេះ គឺជាផ្នែកមួយនៃផែនការខាងលើ។ ការប្រកាសពីសេចក្តីសម្រេចបញ្ជូនកងទ័ពមន្ថែម​ ទៅកាន់តំបន់មជ្ឈិមបូព៌ានៅពេលនេះ គឺធ្វើឡើងនៅចំពេលដែលតំបន់មួយនេះ កំពុងមានភាពតានតឹងខ្លាំង ដោយសារការពាក់មុខសយក្សដាក់គ្នារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ព្រមទាំងបណ្តាប្រទេសសម្ព័នមិត្ត៕