(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន-បណ្តាញសង្គមផ្សព្វផ្សាយវីដេអូ YouTube របស់សហរដ្ឋអាមេរិក កំពុងប្រឈមនឹងការពិន័យជាប្រាក់រាប់លានដុល្លារ ព្រោះតែការរំលោភលើឯកជនភាពរបស់កុមារ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន The Washington Post នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។

ការស៊ើបអង្កេតរបស់អាជ្ញាធរអាមេរិកបានរកឃើញថា ក្រុមហ៊ុន Google មិនបានផ្តល់ការការពារគ្រប់គ្រាន់សម្រាប់កុមារនានា ដែលប្រើប្រាស់បណ្តាញ YouTube របស់ខ្លួន ហើយបានធ្វើការប្រមែប្រមូលទិន្នន័យ ដោយល្មើសនឹងច្បាប់ការពារឯកជនភាព កុមារតាមអនឡាញហៅកាត់ថា COPPA ថែមទៀត ដែលច្បាប់នេះចែងមិនឲ្យមាន ការកំណត់គោលដៅតាមដានអ្នកប្រើប្រាស់ ដែលមានវ័យក្រោម ១៣ឆ្នាំឡើយ។

គួរជម្រាបថា បើតាមកិច្ចព្រមព្រៀងរវាងគណៈកម្មការពាណិជ្ជកម្មអាមេរិក FTC និង Google ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ នឹងត្រូវបង់ប្រាក់ពិន័យខ្ទង់លានដុល្លារ ប៉ុន្តែពុំមានតួលេខច្បាស់ជាក់លាក់ឡើយ ខណៈក្រសួងយុត្តិធម៌អាមេរិកគឺជាអ្នកមានសិទ្ធិ សម្រេចចុងក្រោយលើកិច្ចព្រមព្រៀងនេះ៕