(ឡុងដ៍)៖ រដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក ជែរែមី ហាន់ត៍ (Jeremy Hunt) បានព្រមានថា ទីក្រុងតេហេរ៉ង់នឹងត្រូវរងផលវិបាកយ៉ាងធ្ងន់ធ្ងរ ប្រសិនបើបញ្ហាឃាត់ទុកកប៉ាល់ដឹកប្រេងអង់គ្លេសដោយអ៊ីរ៉ង់ មិនត្រូវបានដោះស្រាយឲ្យឆាប់ៗទេនោះ។ នេះបើតាមការដក ស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Sky News លោក Hunt បាននិយាយដូច្នេះថា «យើងមិនគិតអំពីជម្រើសយោធាទេ គឺយើងសំឡឹងមើលមធ្យោបាយការទូត ដើម្បីដោះស្រាយស្ថានការណ៍ដោយសន្តិវិធី តែបើខាងអ៊ីរ៉ង់មិនព្រមសហការស្វែងរកការ ដោះស្រាយឲ្យបានភ្លាមៗទេនោះ អ៊ីរ៉ង់នឹងត្រូវប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ»

លោក Hunt បានទាមទារឲ្យដោះលែងកប៉ាល់ដឹកប្រេង ស្ទេណា អ៊ីភើរ៉ូ (Stena Impero) ដែលត្រូវបានអ៊ីរ៉ង់ចាប់ឃាត់ទុក កំឡុងពេលធ្វើដំណើរឆ្ពោះទៅអារ៉ាប៊ីសាអូឌីត។ បើតាមទីក្រុងតេហេរ៉ង់ ការរឹបអូសនេះគឺដោយសារតែកប៉ាល់ដឹងប្រេងនោះ ល្មើសនឹងច្បាប់គ្រប់គ្រងដែនសមុទ្រអន្តរជាតិ នៅពេលឆ្លងកាត់ច្រកសមុទ្រ Hormuz។

គួរជម្រាបថា កន្លងទៅក្នុងខែកក្កដានេះ កងម៉ារីនអង់គ្លេសបានរឹបអូស កប៉ាល់ដឹកប្រេងមួយគ្រឿងរបស់អ៊ីរ៉ង់ នៅច្រកសមុទ្រ ជីប្រាល់តា (Gibraltar) ដែលទីក្រុងឡុងដ៍អះអាងថា មានគោលដៅដឹកប្រេងឆ្ពោះទៅស៊ីរី គឺល្មើសនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ អ៊ីរ៉ង់បានព្រមានហើយថា នឹងសងសឹកដូចគ្នាវិញលើកប៉ាល់ដឹកប្រេងអង់គ្លេស ប្រសិនបើអង់គ្លេស នៅតែមិនព្រមដោះលែងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់។ ម៉្យាងវិញទៀត អាជ្ញាធរអង់គ្លេស ទើបតែសម្រេចបន្លាយរយៈពេលឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់រហូតដល់ ពាក់កណ្តាលខែសីហា៕