(ម៉ូស្គូ)៖ ក្រុមអ្នកតាក់តែងច្បាប់នៅប្រទេសរុស្ស៊ី បានបង្កើតសេចក្តីព្រាងច្បាប់មួយ ដែលមានគោលដៅតម្រូវឲ្យស្មាតហ្វូន ស្មាតធីវី និងកុំព្យូទ័រគ្រប់ប្រភេទ ដែលដាក់លក់នៅលើទីផ្សាររុស្ស៊ី មានដំឡើងកម្មវិធី software មួយចំនួនរបស់រុស្ស៊ីរួចជាស្រេចតែម្តង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។

សេចក្តីព្រាងច្បាប់ខាងលើ ដែលត្រូវបានស្នើឡើងនៅសភាជាន់ទាបរុស្ស៊ីនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នឹងអនុញ្ញាតឲ្យអាជ្ញាធរ រុស្ស៊ីបង្កើតនូវបញ្ជីឈ្មោះនៃកម្មវិធី software នានា ដែលផលិតក្នុងប្រទេសរុស្ស៊ី ដែលចាំបាច់ត្រូវដំឡើងលើឧបករណ៍បច្ចេកវិទ្យា ទាំងនោះ។

ប្រសិនបើទទួលបានការអនុម័តគាំទ្រទាំងពីសភាជាន់ទាប សភាជាន់ខ្ពស់ ហើយនិងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន សេចក្តីព្រាងច្បាប់នេះ នឹងចូលជាធរមានពេញលេញនៅខែកក្កដា ឆ្នាំ២០២០។ មិនតែប៉ុណ្ណោះ ក្នុងច្បាប់ដដែលនោះ ក៏មានចែង នូវការដាក់ពិន័យជាប្រាក់ចន្លោះពី៧៩០-៣,១៧០ដុល្លារផងដែរ ចំពោះក្រុមហ៊ុនដែលលក់ឧបករណ៍បច្ចេកវិទ្យាទាំងប៉ុន្មានខាង លើ ដោយគ្មានកម្មវិធី software រុស្ស៊ីដំឡើងរួចមកស្រាប់។

គួរជម្រាបថា សម្រាប់ទីផ្សារស្មាតហ្វូនក្នុងប្រទេសរុស្ស៊ី គឺកំពុងគ្របដណ្តប់ដោយផលិតផលរបស់ក្រុមហ៊ុន Apple របស់អាមេរិក, Samsung របស់កូរ៉េខាងត្បូង, និង Huawei របស់ចិន៕