(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នាថ្ងៃសុក្រសប្តាហ៍នេះ បានបន្តអះអាងថា យន្តហោះដ្រូនមួយគ្រឿង របស់ ប្រទេសអ៊ីរ៉ង់ ពិតជាត្រូវបាននាវាយោធាអាមេរិកបាញ់ទម្លាក់ប្រាកដមែន។ ចំណែកអ៊ីរ៉ង់វិញ បានចុះផ្សាយវីដេអូដែលបញ្ជាក់ថា ការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោន គឺមិនមែនជាការពិតឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។

ឆ្លើយតបសំណួរពីក្រុមអ្នកកាសែត ពាក់ព័ន្ធការបាញ់ទម្លាក់យន្តហោះដ្រូនអ៊ីរ៉ង់ នៅឯការិយាល័យក្នុងសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយដូច្នេះថា «គ្មានមន្ទិលសង្ស័យចំពោះរឿងនេះឡើយ គឺយើងបានបាញ់ទម្លាក់វាប្រាកដណាស់»។ រី ឯ លោក Jonh Bolton ជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ ដែលមានវត្តមាននៅទីនោះដែរ ក៏បានបន្ទរតាមក្រោយថា មិនបាច់ឆ្ងល់ទេ វាគឺជា យន្តហោះដ្រូនរបស់អ៊ីរ៉ង់ ហើយនាវាអាមេរិក USS Boxer បានបាញ់កម្ទេចវាចោល។

គួរជម្រាបថា បើតាមការឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍របស់លោក ត្រាំ យន្តហោះដ្រូនអ៊ីរ៉ង់ ត្រូវបានបាញ់ទម្លាក់នៅតំបន់ច្រកសមុទ្រ Hormuz គឺដោយសារតែវាហោះមកកៀកនឹងនាវាយោធាអាមេរិកពេក ហើយមិនខ្វល់ពីការព្រមានជាច្រើនដងថែមទៀត។ យ៉ាងណា មិញ នាថ្ងៃដដែលនោះ ទីក្រុងតេហេរ៉ង់ បានប្រកែកថា យន្តហោះដ្រូនអ៊ីរ៉ង់ដែលធ្វើប្រតិបត្តិការនៅច្រកសមុទ្រ Hormuz គឺពុំមាន បាត់មួយគ្រឿងណាឡើយ ហើយនៅកន្លែងផ្សេងទៀតក៏ដូចគ្នាដែរ។ បន្ថែមពីនេះ មន្រ្តីអ៊ីរ៉ង់ក៏បានលើកឡើងថា អាមេរិកប្រហែលជា បានច្រឡំបាញ់ដ្រូនខ្លួនឯង។

រីឯនាថ្ងៃសុក្រសប្តាហ៍នេះវិញ អ៊ីរ៉ង់ក៏បានបញ្ចេញឃ្លីបវីដេអូដែលថតបានដោយយន្តហោះដ្រូន ដែលធ្វើប្រតិបត្តិការនៅលើដែន អាកាសនៃច្រកសមុទ្រ Hormuz ថែមទៀត។ ឃ្លីបវីដេអូដែលចុះផ្សាយដោយស្ថានីយទូរទស្សន៍អ៊ីរ៉ង់ PressTV បង្ហាញឲ្យឃើញ ថា យន្តហោះដ្រូនអ៊ីរ៉ង់បានបញ្ចប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់នោះ ហើយត្រឡប់មកបន្ទាយវិញដោយសុវត្ថិភាព មុនការបង្ហាញ វត្តមានរបស់នាវាយោធាអាមេរិកទៅទៀត៕