(តូក្យូ)៖ មនុស្សម្នាជាច្រើននៅជុំវិញពិភពលោក រួមមានទាំងមេដឹកនាំប្រទេស ក៏ដូចជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple នាថ្ងៃសុក្រនេះ តាមរយៈបណ្តាញសង្គម បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយប្រជាជាតិជប៉ុន ជាពិសេសចំពោះក្រុមគ្រួសារជនរងគ្រោះទាំង ៣៣នាក់ ដែលបានបាត់បង់ជីវិត ក្នុងករណីឆេះអគារក្រុមហ៊ុនផលិតគំនូរជីវចល Kyoto Animation ដែលត្រូវបានគេលួចដុត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។

បើតាមបណ្តាញសារព័ត៌មានជប៉ុន ជនសង្ស័យម្នាក់ ដែលទើបត្រូវអាជ្ញាធរជប៉ុនបញ្ជាក់អត្តសញ្ញាណថា មានឈ្មោះ Shinji Aoba បានដុតស្ទូឌីយ៉ូរបស់ក្រុមហ៊ុន Kyoto Animation ដោយសារតែជននោះជឿថា ក្រុមហ៊ុនផលិតប្រភេទគំនូជីវចលបែប Anime នេះ បានលួចចម្លងសាច់រឿងចេញពីសៀវភៅប្រលោមលោករបស់ខ្លួន ទាំងគ្មានការសុំអនុញ្ញាតត្រឹមត្រូវ។

បើតាមការអះអាងរបស់ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសជប៉ុនដដែល បុរសជាជនសង្ស័យ បានស្រោចសាំងទៅលើអគារក្រុមហ៊ុន ហើយស្រែកថា «ស្លាប់ទៅ» ស្របពេលដែលខ្លួនដុតបញ្ឆេះអគារនោះឡើង។ ជាលទ្ធផលវាបានបង្កជាសោកនាដកម្មស្លាប់មនុស្ស យ៉ាងរង្គាលបំផុត មិនធ្លាប់មានឡើយក្នុងប្រវត្តិសាស្រ្តជប៉ុន អំឡុងពេលប្រមាណពីរទសវត្សរ៍មកនេះ។ ក្រៅពីមនុស្សបាត់បង់ជីវិត មនុស្សជាង៣០នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសផងដែរ។

នាថ្ងៃសុក្រនេះ ប្រធានក្រុមហ៊ុនផលិតគំនូរជីវចល Kyoto Animation បានបង្ហើបឲ្យដឹងថា កន្លងមកក្រុមហ៊ុនធ្លាប់ទទួលបាន «សារគំរាមដល់ជីវិត»។ ខណៈការលើកឡើងក្នុងប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានបង្ហាញថា ជនសង្ស័យខាងលើជាអ្នកដុតក៏ដោយ បច្ចុប្បន្នជនរូបនេះកំពុងស្ថិតក្រោមការព្យាបាលនៅមន្ទីរពេទ្យ។ រូបគេនឹងត្រូវបានសួរចម្លើយលម្អិតក្រោយការព្យាបាល។

គួរជម្រាបថា គំនូរជីវចលបែប Anime បានក្លាយជាអត្តសញ្ញាណយ៉ាងសំខាន់មួយ នៅក្នុងវប្បធម៌ជប៉ុនសម័យទំនើប ដែលគំនូរជីវចលប្រភេទនេះ ទទួលបានការគាំទ្រយ៉ាងធំសម្បើម មិនថាទាំងនៅក្នុងប្រទេសជប៉ុនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែមានភាពល្បីសុះសាយនៅជុំវិញពិភពលោកតែម្តង៕