(ហ្សឺណែវ)៖ នាថ្ងៃសុក្រនេះអង្គការសុខភាពពិភពលោក ( WHO) បានបញ្ជាក់ឡើងវិញថា ស្រ្តីជនជាតិកុងហ្គោម្នាក់ ដែលប្រហែល ជាបានចម្លងជំងឺដ៏កាចសាហាវនៅក្នុងប្រទេស Uganda នោះ គឺមិនបានធ្វើដំណើរឆ្លងកាត់ប្រទេស Rwanda ឬក៏ទីក្រុង Goma របស់ប្រទេសកុងហ្គោឡើយ ខណៈរបាយការណ៍ដែលបានលើកឡើងបែបនោះកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបាន WHO លុបចោល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។

កាលពីថ្ងៃព្រហស្បតិ៍ របាយការណ៍ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល Uganda និងចុះផ្សាយដោយសាខាអង្គការ WHO ប្រចាំនៅតំបន់អាហ្រ្វិក បានអះអាងថា ស្រ្តីខាងលើដែលមានមុខរបរលក់ត្រី ជាប់សង្ស័យថា បានធ្វើដំណើរឆ្លងកាត់ទីក្រុង Goma ចូលទៅប្រទេស Rwanda និងប្រទេស Uganda ដោយទាំងខ្លួនមានផ្ទុកជំងឺអេបូឡា តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលបាត់បង់ជីវិត នៅឯប្រទេសកុងហ្គោ។ បើតាមរបាយការណ៍ដដែល ស្រ្តីម្នាក់នោះបានទៅដល់ផ្សារ Mpondwe របស់ប្រទេស Uganda កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងស្លាប់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។

ប្រការនេះបានបង្កឲ្យមានក្តីព្រួយបារម្ភថា ប្រទេស Rwanda អាចឆ្លងជំងឺអេបូឡានេះជាលើកដំបូង។ យ៉ាងណាមិញ ឥឡូវ WHO បានលុបរបាយការណ៍នោះចោល និងបានបញ្ជាក់ឡើងវិញថា ស្រ្តីម្នាក់នោះ ពុំបានធ្វើដំណើរទៅកន្លែងណាផ្សេង ក្រៅតែពីទៅ Uganda ឡើយ។ កន្លងមក Uganda ធ្លាប់មានអ្នកឆ្លងជំងឺអេបូឡាប៉ុន្មាននាក់ដែរ ប៉ុន្តែត្រូវបានទប់ស្កាត់មិនឲ្យរីករាលដាល ធំ ទាន់ពេលវេលា។ ដោយឡែកពេលនេះអាចនឹងមានករណីឆ្លងរាលដាលថ្មី។

គួរជម្រាបថា ការផ្ទុះរាលដាលនៃជំងឺអេបូឡានៅប្រទេសកុងហ្គោ បានកើតមានឡើងកាលពីជិតមួយឆ្នាំមុន ដោយមកទល់ពេល នេះ វាបានផ្តាច់ជីវិតមនុស្សសរុបជាង១,៧០០នាក់។ ខណៈជំងឺនេះបានរាលដល់ទីក្រុង Goma ជាលើកដំបូងក្នុងសប្តាហ៍នេះ ជាទីដែលមានមនុស្សរស់នៅរាប់លាននាក់ អង្គការ WHO ក៏បានសម្រេចប្រកាសវិបត្តិជំងឺអេបូឡានៅកុងហ្គោ ជាបញ្ហាអាសន្ន អន្តរជាតិផ្នែកសុខភាពសាធារណៈ និងព្រមានឲ្យប្រទេសជិតខាងរបស់កុងហ្គោ បង្កើនការប្រុងប្រយ័ត្នខ្ពស់៕