(វ៉ាស៊ីនតោន)៖ នៅសប្តាហ៍ក្រោយនេះជំនួបពិភាក្សាមួយនឹងត្រូវរៀបចំឡើង រវាងប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិអាមេរិកលោក ឡារី ឃូដឡូ (Larry Kudlow) ហើយនិងតំណាងមកពីក្រុមហ៊ុនអាមេរិក ដែលជាអ្នកផ្គត់ផ្គង់ធំៗទៅដល់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដែលជាប់ក្នុងបញ្ជីខ្មៅពាណិជ្ជកម្មអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន The Washington Post នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។

ជំនួបខាងលើនឹងត្រូវធ្វើឡើងជាលើកដំបូង ចាប់តាំងតែពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាបន្ធូរបន្ថយការរឹតត្បិតលើក្រុមហ៊ុន Huawei ដែលត្រូវបានទីក្រុងវ៉ាស៊ីនតោន កត់ឈ្មោះចូលបញ្ជីខ្មៅ ក្រោមហេតុផលសន្តិសុខជាតិកាលពីខែឧសភា។ ទោះបីជាមិនទាន់សម្រេចដកចេញវិញទាំងស្រុងក៏ដោយ លោក ត្រាំ បានអះអាងថា នឹងអនុញ្ញាតឲ្យបណ្តាក្រុមហ៊ុនអាមេរិក លក់ផលិតផលមួយចំនួន ដែលរដ្ឋាភិបាលអាមេរិកកំណត់ថា មិនប៉ះពាល់ដល់សន្តិសុខជាតិទៅឲ្យ Huawei ឡើងវិញ។ ក៏ប៉ុន្តែការអនុញ្ញាតនេះមិនទាន់កើតមានឡើងជាក់ស្តែងនោះទេ គឺហាក់កំពុងស្ថិតក្នុងដំណើរការរៀបចំនៅឡើយ។

យ៉ាងណាមិញនាថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ ក្នុងជំនួបជាមួយលោក Kudlow ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដូចជា Google, Qualcomm និង Intel ជាដើម ទំនងជានឹងស្នើឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំ អនុញ្ញាតការនាំចេញបន្ទះឈីប និងគ្រឿងបន្លាស់ ផ្សេងៗទៀត ដែលចាំបាច់សម្រាប់ស្មាតហ្វូន និងកុំព្យូទ័រ Laptop របស់ក្រុមហ៊ុន Huawei ព្រោះថាពួកវាមិនប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិទេ បើទោះបីជាសេតវិមាននៅតែចង់បន្ត ហាមឃាត់ការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យា ដែល Huawei ប្រើដើម្បីផលិតឧបករណ៍ 5G ក៏ដោយ។

ថ្មីៗនេះ ក្រុមហ៊ុនផ្នែក semiconductor ធំៗរបស់អាមេរិក ក៏ទើបតែបានធ្វើការទាមទារ តាមរយៈពាក្យស្នើសុំរបស់ពួកគេ ដែលផ្ញើទៅកាន់ក្រសួងពាណិជ្ជកម្មអាមេរិក ដើម្បីស្នើឲ្យមានការផ្តល់អាជ្ញាប័ណ្ណពិសេស ដែលនឹងអនុញ្ញាតឲ្យលក់សម្ភារៈបច្ចេកវិទ្យារបស់ ក្រុមហ៊ុនទាំងនោះទៅឲ្យក្រុមហ៊ុន Huawei ផងដែរ៕