(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថាកងនាវា អាមេរិក បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង នៅឯច្រកសមុទ្រ ហ័រមូស (Hormuz) ខណៈភាពតានតឹងរវាងប្រទេសទាំងពីរ ហាក់ដូចជាមិនមានភាពធូរស្រាលទាល់តែសោះ។

យោងតាមលោក ដូណាល់ ត្រាំ នាវាចម្បាំងអាមេរិក USS ប៊កស៊ឺ (USS Boxer) បានចាត់វិធានការការពារខ្លួន ដោយបាញ់ទម្លាក់យន្ដហោះដ្រូនអ៊ីរ៉ង់មួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីយន្ដហោះនេះ ហោះមកក្បែរនៅចំងាយ ៩១៤ម៉ែត្រ ពីនាវាចម្បាំងអាមេរិក។ មកទល់នឹងពេលនេះខាងអ៊ីរ៉ង់មិនទាន់ទទួលស្គាល់​ការអះអាងនេះនៅឡើយទេ។ តែការបាញ់ទម្លាក់​យន្ដហោះដ្រូននេះ ធ្វើឱ្យគេនឹកឃើញដល់កាលអាមេរិកបាញ់ទម្លាក់យន្ដហោះ ស៊ីវិលអ៊ីរ៉ង់មួយគ្រឿង នៅឈូងសមុទ្រពែកកាលពីឆ្នាំ១៩៨៨។

ការអះអាងរបស់លោក ត្រាំ ក៏ត្រូវបានគេរំពឹងផងដែរថា នឹងធ្វើឱ្យភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ផ្ទុះឡើងកាន់តែខ្លាំង។ ប៉ុន្តែភាពតាននឹងបច្ចុប្បន្ន បើគេមើលទៅមិនធ្ងន់ធ្ងរជាង​កាលពីឆ្នាំ១៩៨៨ ជាពេលដែលប្រទេសទាំងពីរតឹងសសៃកដាក់គ្នាដល់ចំណុចកំពូល ក្រោយនាវាចម្បាំងអាមេរិកបាញ់ទម្លាក់យន្ដហោះស៊ីវិលអ៊ីរ៉ង់មួយ គ្រឿងដោយផ្ដាច់ជីវិតមនុស្សទំាងអស់នៅលើនោះ ២៩០នាក់នោះឡើយ។

* នៅពេលអាមេរិកបាញ់ទម្លាក់យន្ដហោះអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់

កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៨៨ នាវាចម្បំាងអាមេរិក USS វីនសិនស៍ (USS Vincennes) បាន បាញ់ទម្លាក់យន្ដហោះស៊ីវិលអ៊ីរ៉ង់មួយគ្រឿង ដោយបានផ្ដាច់ជីវិតមនុស្សនៅលើនោះ ទាំងអស់ ២៩០នាក់ ក្នុងនោះរួមទាំងកុមារ ៦៦នាក់។ យន្ដហោះប្រភេទ Airbus A300 នេះ មានជើងហោះហើរលេខ 655 ដែលហោះចេញពីទីក្រុង បាន់ដារ អាប់បាស (Bandar Abbas) ប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ទីក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

បើតាមសារព័ត៌មានប៉ាគីស្ថាន Dawn នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៨៨ នាវាចម្បាំងអាមេរិក USS Vincennes បានបញ្ជូនឧទ្ធម្ភាគចក្រមួយគ្រឿង ឱ្យទៅហោះពីលើទូកល្បឿនរបស់អ៊ីរ៉ង់ ដែលកងនាវាអាមេរិកចោទថា គំរាមកំហែងដល់កប៉ាល់ពាណិជ្ជកម្មដទៃ។ នៅកាលណោះ អ៊ីរ៉ង់ក៏ត្រូវបានអាមេរិកចោទផងដែរថា បានបាញ់ប្រហារលើឧទ្ធម្ភាគចក្រអាមេរិក ហើយនាវា Vincennes បានដេញតាមនាវាចម្បំាងអ៊ីរ៉ង់រហូតដល់ ចូលក្នុងដែនទឹកអ៊ីរ៉ង់។

ខណៈការវាយប្រយុទ្ធគ្នាកំពុងកើតឡើង យន្ដហោះមានជើងហោះហើរលេខ 655 របស់ក្រុមហ៊ុនអាកាសចរណ៍ Iran Air បានហោះចាកចេញពីទីក្រុង បាន់ដារ អាប់បាស (Bandar Abbas) ប្រទេសអ៊ីរ៉ង់ ឆ្ពោះទៅកាន់ទីក្រុង ឌូបៃ (Dubai) ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ដោយត្រូវឆ្លងកាត់ឈូងសមុទ្រពែក។ នៅពេលនោះហើយ នាវាចម្បាំងអាមេរិក Vincennes បានបាញ់មីស៊ីល ០២គ្រាប់ទម្លាក់យន្ដហោះស៊ីវិលនេះដោយច្រឡំថា វាគឺជាយន្ដហោះចម្បាំងអ៊ីរ៉ង់ F-14។

ក្រោយសោកនាដកម្មនេះ អ៊ីរ៉ង់បានដាក់ពាក្យប្ដឹងអាមេរិកទាមទារសំណង ១៣១.៨លានដុល្លារ។ ចំណែកឯខាងទីក្រុងវ៉ាស៊ីនតោនមិនបានសូមទោសនោះទេ ហើយថែមទាំងប្រគល់មេដាយកិត្តិយស​ឱ្យកាពីទែននាវាចម្បាំង USS Vincennes លោក William C. Rogers ថែមទៀងផង។

គួររំលឹកថា កាលពីខែមិថុនាកន្លងទៅ អ៊ីរ៉ង់ក៏ធ្លាប់បានបាញ់ទម្លាក់យន្ដហោះដ្រូន អាមេរិកមួយគ្រឿងផងដែរ ហើយឧបទ្ទវហេតុនេះបានធ្វើឱ្យប្រទេសទាំងពីរមានភាពតានតឹងគ្នា រហូតជិតបង្កទៅជាជម្លោះប្រដាប់អាវុធ។ តែនៅទីចុងក្រោយលោក ត្រាំ បានលុបចោលបទបញ្ជាវាយប្រហារលើទីក្រុងតេហេរ៉ង់ទាន់ពេលវេលា៕

ប្រភព៖ Bloomberg (ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩)