(វ៉ាស៊ីនតោន)៖ បុរសជនជាតិអាមេរិកឈ្មោះ Brendt Christensen អាយុ៣០ឆ្នាំ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានតុលាការ​អាមេរិកកាត់ទោសដាក់ពន្ធនាគារមួយជីវិត ដោយគ្មានលទ្ធភាពអាចត្រូវដោះលែងឡើយ ដោយសារតែការចាប់ពង្រត់ព្រមទាំង​​សម្លាប់បញ្ញាវន្តជនជាតិចិនម្នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។

លោក Christensen ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអាមេរិកមួយកន្លែង តាមពិតត្រូវប្រឈមនឹងទោស​ប្រហារជីវិតឯណោះ ប៉ុន្តែមេធាវីរបស់លោកបានចេញមុខទទួលស្គាល់នូវកំហុសរបស់ឃាតករូបនេះ។ លោក Christensen បាន​ចាប់ពង្រត់អ្នកនាង Zhang Yingying ដែលជាបញ្ញាវន្តចិន កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណតរថយន្តក្រុង​មួយកន្លែង ក្បែរ​សាកលវិទ្យាល័យ Illinois ក្នុងក្រុង Champaign។

បើតាមរដ្ឋអាជ្ញាអាមេរិក លោក Christensen បានបញ្ឆោតអ្នកនាង Zhang ឲ្យចូលទៅក្នុងរថយន្តរបស់ខ្លួន មុនចាប់ច្របាច់ក រួច​ប្រើដំបងវាយ និងកាំបិតចាក់លើរូបនាង ហើយជាចុងក្រោយក៏បានកាត់សាកសពអ្នកនាង Zhang ជាកង់ៗ ដើម្បីយកទៅបោះ​ចោល ខណៈសាកសពរបស់បញ្ញវន្តចិនរូបនេះ មិនត្រូវបានគេរកឃើញឡើយ។

គួរជម្រាបថា គោលដៅទៅទស្សនកិច្ចនៅឯសហរដ្ឋអាមេរិករបស់អ្នកនាង Zhang ដែលកាលនោះមានអាយុ២៦ឆ្នាំ គឺដើម្បី​ធ្វើ​ការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យ Illinois ដោយអ្នកនាងជាជំនួយការគ្រូបង្រៀនផ្នែករូបវិទ្យា។ រីឯ លោក Christensen ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ក្រោយពីលោកបានរៀបរាប់នូវរបៀបដែលលោក​សម្លាប់អ្នកនាង Zhang ប្រាប់ដល់អតីតមិត្តស្រីរបស់ខ្លួន ដែលកាលនោះបានលួចថតសំឡេងសន្ទនារវាងអ្នកទាំងពីរ៕