(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថាកងនាវា អាមេរិក បានបាញ់ទម្លាក់យន្ដហោះដ្រូនអ៉ីរ៉ង់មួយគ្រឿង នៅឯច្រកសមុទ្រ Hormuz ខណៈភាពតានតឹងរវាងប្រទេសទាំងពីរ ហាក់ដូចជាមិនមានភាពធូរស្រាលទាល់តែ សោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមលោក ដូណាល់ ត្រាំ នាវាចម្បាំងអាមេរិក USS Boxer បានចាត់វិធានការ ការពារខ្លួន ដោយបាញ់ទម្លាក់យន្ដហោះដ្រូនអ៉ីរ៉ង់មួយគ្រឿង កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្ដហោះនេះ ហោះមកក្បែរនៅចំងាយ៩១៤ម៉ែត្រ ពីនាវាចម្បាំងអាមេរិក។ ប៉ុន្តែមកទល់នឹងពេល ខាងអ៉ីរ៉ង់មិនទាន់ទទួលស្គាល់ការអះអាងនេះ នៅឡើយទេ។

គួររំលឹកថា កាលពីខែមិថុនា កន្លងទៅ អ៉ីរ៉ង់ក៏ធ្លាប់បានបាញ់ទម្លាក់យន្ដហោះដ្រូន អាមេរិកមួយគ្រឿងផងដែរ ហើយឧបទ្ទវហេតុនេះបានធ្វើឱ្យប្រទេសទាំងពីរ មានភាពតានតឹងគ្នា រហូតជិតបង្កទៅជាជម្លោះប្រដាប់អាវុធ។ តែនៅទីចុងក្រោយ លោក ត្រាំ បានលុបចោលបទបញ្ជាវាយប្រហារលើទីក្រុងតេហេរ៉ង់ ទាន់ពេលវេលា៕