(អ៊ីស្លាម៉ាបាដ)៖ យោងតាមអ្នកនាំពាក្យរបស់ ការិយាល័យប្រយុទ្ធប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក ហ្សាហ៊ីដ ខាកាន់ អាប់បាស៊ី (Shahid Khaqan Abbasi) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានចាប់ឃាត់ខ្លួនដោយ​ក្រុមប្រឹក្សាភិបាលគណនេយ្យភាពជាតិប៉ាគីស្ថាន។ ប៉ុន្តែទោះជាយ៉ាងណាក្រុមប្រឹក្សានេះ មិនទាន់បានផ្តល់ព័ត៌មានលំអិត អំពីស្ថានភាពនៃការចាប់ខ្លួននេះនៅឡើយទេ។

យោងទៅតាមសារព័ត៌មាន សាម៉ា (Samaa) ចេញផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីកំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទប្រគល់គម្រោងដេញថ្លៃដែលមានតម្លៃរាប់ពាន់លានរ៉ូពី ទៅឲ្យក្រុមហ៊ុនមួយដែលមានភាគហ៊ុនរបស់លោក។

គួរបញ្ជាក់ថា លោក Shahid Khaqan Abbasi ជាអ្នកនយោបាយល្បីឈ្មោះមួយរូបមកពី គណបក្សសម្ព័ន្ធម៉ូស្លីមប៉ាគីស្ថាន។ លោកបានបម្រើការជានាយករដ្ឋមន្ត្រីលើកទី ២១ របស់ប៉ាគីស្ថាន ចាប់ពីខែសីហា ឆ្នាំ ២០១៧ ដល់ខែឧសភា ឆ្នាំ ២០១៨៕