(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានឱ្យដឹងថាខ្លួនកំពុងចាប់ផ្ដើមដំណើរការនិតិវិធីដកតួកគី ចេញពីកម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំងបំបាំងកាយ F-35 ហើយ បន្ទាប់ពីទីក្រុងអង់ការ៉ា ទទួលបានប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩។

បរិក្ខានៃប្រព័ន្ធមីស៊ីល S-400 ដំបូង ត្រូវបានបញ្ជូនទៅដល់មូលដ្ឋានទ័ព Murted ក្នុងទីក្រុង អង់ការ៉ា កាលពីថ្ងៃសុក្រសប្ដាហ៍មុនមកម្លេះ បើទោះជាមានការព្រមានដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិក ក៏ដោយ។ ដោយឡែក ជុំវិញការប្រងើយកន្ដើយរបស់តួកគីនេះដែរ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការពារជាតិអាមេរិក លោកស្រី Ellen Lord បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងដៃគូ F-35 ដទៃទៀត បានសម្រេចចិត្តបញ្ឈរជើងតួកគី ពីកម្មវិធីអភិវឌ្ឍ F-35 ជាកិច្ចចាប់ផ្ដើមដំណើរការនិតិវិធីដកតួកគី ចេញពីកម្មវិធីអភិវឌ្ឍនេះជាផ្លូវការ។

ប៉ុន្តែទន្ទឹមគ្នា ខាងក្រសួងការបរទេសតួកគី ចាត់ទុកថាការសម្រេចចិត្តនេះគឺជារឿងអយុត្តិធម៌ ដែលនឹងអាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងតួកគី។

គួរជម្រាបថា កាលពីថ្ងៃអង្គារកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានអះអាងដែរថា រដ្ឋបាលរបស់លោកនឹងមិនលក់យន្តហោះចម្បាំង F-35 ទៅឲ្យ ទីក្រុងអង់ការ៉ាឡើយ បន្ទាប់ពីប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ទើបតែត្រូវបានប្រគល់ទៅដល់ដៃ តួកគី។

ក្រៅពីតួកគី ដែលជាសមាជិកអង្គការណាតូដែរនោះ ប្រទេសដែលចូលរួមជាមួយអាមេរិកក្នុង កម្មវិធីអភិវឌ្ឍយន្ដហោះចម្បាំង F-35 រួមមានដូចជា អង់គ្លេស អ៉ីតាលី ហូឡង់ កាណាដា អូស្ត្រាលី ដាណឺម៉ាក ន័រវែស អ៉ីស្រាអែល ជប៉ុន និងកូរ៉េខាងត្បូង៕