(ប៉ារីស)៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុមកពីបណ្តាប្រទេសមានសេដ្ឋកិច្ចកំពូលទាំង០៧ (G7) នៅឯប្រទេសបារាំង នាសប្តាហ៍​នេះ នឹងផ្តោតសំខាន់ទៅលើបញ្ហារូបិយវត្ថុឌីជីថល (cryptocurrency) ជាពិសេសនោះ គឺរូបិយវត្ថុឌីជីថលថ្មីហៅថា Libra ដែល​​ក្រុមហ៊ុនបណ្តាញសង្គមអាមេរិក Facebook គ្រោងនឹងដាក់ឲ្យធ្វើចរាចរណ៍នៅឆ្នាំក្រោយ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។

បើតាមរដ្ឋមន្រ្តីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire ដែលជាអ្នកទទួលរៀបចំកិច្ចប្រជុំខាងលើ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ​ G7 លើកនេះ នឹងផ្តោតជាសំខាន់ទៅលើវិធានការដើម្បីគ្រប់គ្រងហានិភ័យ ដែលអាចបង្កឡើងដោយការបង្កើតរូបិយវត្ថុឌីជីថល​ថ្មី ជាពិសេសនោះគឺ Libra របស់ Facebook ក្នុងចំណោមប្រធានបទសំខាន់ៗមួយចំនួនទៀត។

គួរជម្រាបថា ក្រុមហ៊ុន Facebook អាចប្រឈមនឹងការរងពិន័យមួយលានដុល្លារក្នុងមួយថ្ងៃ ប្រសិនបើ​ហ៊ានដាក់ឲ្យដំណើរការគម្រោងរូបិយវត្ថុឌីជីថល Libra របស់ខ្លួន បន្ទាប់ពីក្រុមអ្នកតំណាងរាស្រ្តអាមេរិក បានតាក់តែងសំណើ​ច្បាប់មួយ ដែលមានគោលដៅហាមឃាត់ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ក្នុងការធ្វើប្រតិបត្តិការក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុ ឬក៏ដាក់ចេញនូវរូបិយវត្ថុឌីជីថលផ្ទាល់ខ្លួន ដោយសារតែព្រួយបារម្ភខ្លាចថា រូបិយវត្ថុឌីជីថលដូចជា Libra ត្រូវគេយកប្រើប្រាស់ជាការក្លែងបន្លំនានា ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវ៕