(វ៉ាស៊ីនតោន)៖ នៅចំពោះមុខការបន្ធូរបន្ថយដៃរបស់លោក ដូណាល់ ត្រាំ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) បែរជាចេញមុខរិះគន់ធ្ងន់ៗ​លើក្រុមហ៊ុនបច្ចេកវិទ្យាទាំងរបស់ចិន និងរបស់អាមេរិកផ្ទាល់ ជុំវិញទាក់ទំនងជាមួយរដ្ឋាភិបាលចិន។ នេះបើ តាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។

លោក Bolton បានធ្វើការលើកឡើងបែបនេះ ទាក់ទិននឹងសេចក្តីព្រាងច្បាប់មួយ ដែលតាក់តែងឡើងដោយសមាជិកព្រឹទ្ធសភា អាមេរិកពីររូប ដែលមានគោលដៅពង្រឹងបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីខែឧសភា ស្តីពីការចុះក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ទៅក្នុងបញ្ជីខ្មៅ។

លោក Bolton បានចោទប្រកាន់ថា Huawei គឺស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលអាចបង្កហានិភ័យខ្ពស់ ប្រសិនបើអនុញ្ញាតឲ្យរកស៊ីជាមួយក្រុមហ៊ុនអាមេរិក។ ដូច្នេះហើយទីប្រឹក្សាសន្តិសុខរូបនេះគិតថា សហរដ្ឋអាមេរិកគួរតែកាត់ផ្តាច់ក្រុមហ៊ុនបច្ចេកវិទ្យាចិន មួយនេះចេញពីទីផ្សាររបស់អាមេរិកជាអចិន្រ្តៃយ៍តែម្តង។

ទោះបីជាលោក ត្រាំ បានសម្រេចកត់ឈ្មោះក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅក៏ដោយ កាលពីខែមិថុនា លោកបានបន្ធូរបន្ថយការរឹតត្បិតនេះវិញ ក្នុងឱកាសជួបមុខគ្នាជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅឯប្រទេសជប៉ុន ដោយលោកបានប្រកាសថា នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកអាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ ដើម្បីបន្តការនាំចេញគ្រឿងបន្លាស់ខ្លះៗទៅឲ្យ Huawei ដែលបើតាមប្រព័ន្ធព័ត៌មានថ្មីៗនេះ វាទំនងជានឹងកើតឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ។ យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោនមិន ទាន់សម្រេចដកក្រុមហ៊ុន Huawei ចេញពីបញ្ជីខ្មៅទាំងស្រុងនោះទេ។

ក្រៅពីវាយប្រហារក្រុមហ៊ុនចិន លោក John Bolton ក៏បានព្រលះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ​របស់អាមេរិករួមមាន Apple និង Google ជាដើម ព្រមទាំងបណ្តាក្រុមហ៊ុនបណ្តាញសង្គមផងដែរ និងចង់ឲ្យមានការស៊ើបអង្កេតក្រុមហ៊ុនទាំងនោះថែមទៀតផង ដើម្បីរកមើលថា មានទំនាក់ទំនងសម្ងាត់ជាមួយរដ្ឋាភិបាលចិនដែរ ឬអត់។

គួរជម្រាបថា សហរដ្ឋអាមេរិក និងចិន នៅតែកំពុងស្ថិតក្នុងសង្រ្គាមពាណិជ្ជកម្មជាមួយគ្នា ដែលគាប់ជួននឹងប្រកួតប្រជែងផ្នែក សេវាបណ្តាញ 5G រវាងប្រទេសទាំងពីរ ខណៈបច្ចុប្បន្នចិនមាន Huawei ដែលជាអ្នកនាំមុខគេបង្អស់លើពិភពលោក នៅក្នុងផ្នែក បច្ចេកវិទ្យាជំនាន់ចុងក្រោយនេះ។ ដោយមើលឃើញថា ខ្លួនហាក់ចាញ់ប្រៀបចិន ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងព្យាយាម ដាក់គំនាបដើម្បីឲ្យក្រុមហ៊ុន Huawei ខ្ទាតចេញពីទីផ្សាររបស់ខ្លួន និងទីផ្សារអឺរ៉ុបជាដើម។

មិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកថែមទាំងប្រកូកប្រកាស ឲ្យសម្ព័ន្ធមិត្ត ឬប្រទេសដទៃៗទៀត បញ្ចប់ទំនាក់ទំនងជាមួយ Huawei លើការតភ្ជាប់បណ្តាញ 5G ដោយសម្អាងលើការចោទប្រកាន់ដោយអាមេរិកតែម្នាក់ឯងថា ផលិតផលរបស់ Huawei ដែលជាក្រុមហ៊ុនទូរគមនាគមន៍លំដាប់កំពុលលើបណ្តាញ 5G នោះគឺពុំមានសុវត្ថិភាពឡើយ ព្រោះវាអាចឲ្យទីក្រុងប៉េកាំងប្រើប្រាស់ ដើម្បីស៊ើបការណ៍សម្ងាត់បាន ប៉ុន្តែមិនមានភស្តុតាង​ជាក់ស្តែងណាមួយ ត្រូវបានរកឃើញដូចការចោទប្រកាន់របស់អាមេរិកឡើយ៕