(វ៉ាស៊ីនតោន)៖ សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ លោក អាល ហ្គ្រីន (Al Green) បានដាក់ចេញហើយនូវមាត្រា ដែលចែងអំពីការទម្លាក់ប្រធានាធិបតីអាមេរិក ចេញពីតំណែង ជាការប្រឆាំងចំពោះលោក ដូណាល់ ត្រាំ ក្រោយពីប្រធានាធិបតីអាមេរិករូបនេះ ទើបតែទទួលរងព្យុះនៃការរិះគន់ទូទាំងពិភពលោក ពាក់ព័ន្ធការអត្ថាធិប្បាយបែបរើសអើងពូជសាសន៍ ទៅក្រុមស្ត្រីជាសមាជិកសភាអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩។

ការដាក់ចេញនូវមាត្រាខាងលើ គឺធ្វើឡើងដើម្បីដំណើរការនិតិវិធីទម្លាក់លោក ដូណាល់ ត្រាំ ចេញពីអំណាច ហើយវាកើតឡើងជាថ្មីបន្ទាប់ពីសភាអាមេរិកគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតអនុម័តថ្កោលទោសប្រធានាធិបតីអាមេរិករូបនេះ ជុំវិញការអត្ថាធិប្បាយបែបរើសអើងពូជសាសន៍ ប្រឆាំងនឹងក្រុមតំណាងរាស្ត្រ ជាស្រ្តីបក្សប្រជាធិបតេយ្យចំនួនបួនរូប។

ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មាន AP សមាជិកសភាមកពីគណបក្ស ប្រជាធិបតេយ្យមកពីរដ្ឋតិចសាស់ លោក Al Green ចង់ឱ្យមានការបោះឆ្នោតមួយ នៅក្នុងសប្ដាហ៍នេះសំដៅកំណត់ថា តើគួរ ឬមិនគួរក្នុងការដំណើរការនីតិវិធីដកលោក ត្រាំ ចេញពីតំណែង។

គួរបញ្ជាក់ថា បើតាមលោក Al Green លោក ដូណាល់ ត្រាំ គ្មានសមត្ថភាពធ្វើជា ប្រធានាធិបតីអាមេរិកឡើយ។ ប៉ុន្តែលោក Green ផ្ទាល់ក៏ធ្លាប់បរាជ័យដំណើរការ នីតិវិធីទម្លាក់លោក ត្រាំ ចេញពីតំណែងចំនួន ០២លើករួចមកហើយ។ ម្យ៉ាងវិញទៀត មកទល់សមាជិកសភា និងប្រធានសភា នៃគណបក្សប្រជាធិបតេយ្យ លោកស្រី ណិនស៊ី ប៉េឡូស៊ី (Nancy Pelosi) ក៏ហាក់ដូចជាបង្ហាញពីគោលជំហរជំទាស់ ទៅនឹងគោលបំណងនេះដែរ៕