(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ កំពុងពិរចាណាយ៉ាងយកចិត្តទុកដាក់ចំពោះការផ្ដាច់ទំនាក់ ទំនងការទូតជាមួយអ៉ិស្លង់ បន្ទាប់ពីប្រទេសមួយនេះដឹកនាំកិច្ចប្រជុំ ស្ដីពីការស្វែងរកដំណោះស្រាយ UN ដើម្បីបើកការស៊ើបអង្កេតលើសង្រ្គាមប្រឆាំង គ្រឿងញៀនរបស់លោក៕

 

២៖ គ្រោះទឹកជំនន់បានបង្ខំឲ្យប្រជាជនជាង ០៤លាននាក់ជម្លៀសចេញពីលំនៅឋានរបស់ពួកគេនៅទូទាំង ប្រទេសឥណ្ឌា នេប៉ាល់ និងបង់ក្លាដែសស្ថិតនៅតំបន់អាស៊ីខាងត្បូង ហើយមនុស្សសរុបជាង១០០នាក់ ផ្សេងទៀតបានបាត់បង់ជីវិត ដោយសារតែមានភ្លៀងធ្លាក់ខ្លាំងពេកនៅដើមរដូវខ្យល់មូសុង ដ៏កាចសាហាវនៅឆ្នាំនេះ៕

 

៣៖ រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក ធីអូដូរ៉ូ ឡក់ស៊ីន (Teodoro Locsin) នាថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសលោកចង់ទិញកាំភ្លើងបាញ់រះដោយស្វ័យប្រវត្តិធុន M-16 ចំនួន ៧៤,០០០ដើមពីសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពការពារសន្តិសុខជាតិ៕

 

៤៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃអង្គារនេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយបែប រើសអើងពូជសាសន៍របស់លោក ដូណាល់ ត្រាំ ប្រឆាំងតំណាងរាស្ត្រជាស្រី្តមកពី គណបក្សប្រជាធិបតតេយ្យ៕

 

៥៖ ប្រជាជនច្រើនជាង ៨២១លាននាក់ បានរងផលប៉ះពាល់ពីគ្រោះទុរភិក្ស ឬគ្រោះអត់ឃ្លាន នៅទូទាំងពិភពលោកកាលពីឆ្នាំ២០១៨ ហើយវាក៏ជាឆ្នាំទី៣ ដែលចំនួននេះបន្តកើនឡើងផងដែរ។

 

៦៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសឥណ្ឌាបានចុះផ្សាយថា ការលេចឥន្ធនៈនៅក្នុងម៉ាស៊ីនគ្រាប់រ៉ុក្កែត គឺជាមូលហេតុចម្បង ដែលឥណ្ឌាបានសម្រេចចិត្តផ្អាក ការចេញដំណើរបេសកកម្មទៅកាន់ឋានព្រះច័ន្ទ តែជិតមួយម៉ោងមុនពេលវាត្រូវបាញ់បង្ហោះ៕