(ប៉ារីស)៖ វិស្វករជនជាតិបារាំងម្នាក់ឈ្នោះ ជីស្លេន វ៉តត្រេឡូស (Ghyslain Wattrelos) ដែលបានបាត់បង់ភរិយា និងកូនៗជាទីស្រឡាញ់ពីរនាក់ នៅក្នុងសោកនាដកម្មធ្លាក់យន្តហោះ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ីបានលើកឡើងថា យន្តហោះដឹកអ្នកដំណើរនោះ មានផ្ទុកទំនិញអាថ៌កំបាំងមួយចំនួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។

លោក Wattrelos បានប្រាប់កាសែតបារាំង ឡឺប៉ារីហ្សង់ (Le Parisien) ថា បើតាមក្រុមអ្នកស៊ើបអង្កេតរបស់បារាំង មានទំនិញអាថ៌កំបាំងម៉្យាងទម្ងន់ ៨៩គីឡូក្រាម ដែលផ្ទុកនៅលើយន្តហោះ MH370 ហើយវាអាចជាតឹកតាងមួយគាំទ្រដល់ទ្រឹស្តីនាពេលកន្លងមក ដែលថា យន្តហោះនោះត្រូវបានអ្នកដែលលួចធ្វើដំណើរលើយន្តហោះ ប្លន់យកទៅ។ រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដោយសារតែការបាត់ដំណឹងសូន្យឈឹងរកមិនឃើញទាល់តែសោះ មានការសន្និដ្ឋានច្រើនរាប់មិនអស់ ពាក់ព័ន្ធនឹងយន្តហោះ MH370 ដោយអ្នកខ្លះថា វាត្រូវបានពីឡុតផ្ទាល់ជាអ្នកប្លន់ ឬមួយក៏អ្នកដំណើរ ឬបុគ្គលដែលបន្លំជិះនៅលើនោះ។

គួរជម្រាបថា ពុំមាននរណាអាចកំណត់ច្បាស់ឡើយថា ហេតុអ្វីបានជាយន្តហោះ MH370 រួមជាមួយមនុស្សសរុប ២៣៩នាក់នៅលើនោះ បានធ្វើដំណើរវាងនៅតាមផ្លូវចេញពីទីក្រុង​គូឡាឡាំពួរប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន រួចក៏ បាត់សញ្ញាចេញពីប្រព័ន្ធរ៉ាដា កាលពីខែមីនា ឆ្នាំ២០១៤។

ប្រតិបត្តិការរុករកយន្តហោះនេះ ត្រូវបានធ្វើឡើងយ៉ាងសកម្មជាទីបំផុត នៅតំបន់ភាគខាងត្បូងមហាសមុទ្រឥណ្ឌា ជាទីដែលយន្តហោះ MH370 បានធ្លាក់ ពុំបានផ្តល់លទ្ធផលជាដុំកំភួនអ្វីនោះទេ ខណៈបំណែកខ្លះៗ ដែលអាចជារបស់យន្តហោះនេះ ត្រូវបានរកឃើញនៅក្បែរបណ្តាប្រទេសនៃទ្វីបអាហ្វ្រិករួមមាន អាហ្រ្វិកខាងត្បូង ម៉ាដាហ្គាស្កា និង ម៉ូរីទូស (Mauritius) ផងដែរ៕