(ដាកា)៖ គ្រោះទឹកជំនន់ កំពុងជន់លិច លើស្រុកចំនួន១៨ នៃប្រទេសបង់ក្លាដេស បានធ្វើឲ្យមនុស្ស២០នាក់ស្លាប់ និងប៉ះពាល់ដល់ មនុស្សពាក់កណ្តាលលាននាក់ ព្រមទាំងបានធ្វើឲ្យរាប់ពាន់គ្រួសារ ធ្វើការផ្លាស់ទីលំនៅ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយឲ្យដឹង នាយប់ថ្ងៃទី១៥ ខែកក្កដានេះ។

មន្ត្រីក្រសួងគ្រប់គ្រងគ្រោះធម្មជាតិបង់ក្លាដេស លោក Md Abu Bakar បានឲ្យដឹងថា គ្រោះទឹកជំនន់ និងការរអិលបាក់ដី បានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង និងទឹកហូរខ្លាំងធ្លាក់ពីលើភ្នំ ឆ្លងកាត់ព្រំដែនជាមួយប្រទេសឥណ្ឌា គិតរហូតមកទល់ពេលនេះ បានសម្លាប់មនុស្ស២០នាក់ នៅប្រទេសបង់ក្លាដេស គិតចាប់តាំងពីសប្តាហ៍មុន។

លោកបន្ថែមថា ស្រុកដែលរងការប៉ះពាល់ គឺស្ថិតនៅភាគខាងត្បូងឆៀងខាងកើត នៃប្រទេស ហើយពេលនេះ ក្រុមអាជ្ញាធរ កំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ ដើម្បីឆ្លើយតបទៅនឹងគ្រោះធម្មជាតិនេះ។ គ្រោះទឹកជំនន់ ក៏បានធ្វើឲ្យប៉ះពាល់បំផ្លាញ ដល់ដំណាំកសិកម្ម, លំនៅដ្ឋាន និងផ្លូវផងដែរ។

អ្នកស្រី Sheikh Hasina នាយករដ្ឋមន្ត្រីបង់ក្លាដេស បានអំពាវនាវ ឲ្យក្រុមអាជ្ញាធរ នៅតែរក្សាការប្រកាសអាសន្ន ដើម្បីដោះស្រាយបញ្ហាគ្រោះទឹកជំនន់។ អ្នកស្រី បានលើកឡើងថា ផ្នែកជាច្រើននៃប្រទេស បានរងគ្រោះទឹកជំនន់ ហើយទឹកជំននន់ នឹងស្រកចុះបន្តិចម្តងៗ ទៅកាន់តំបន់កណ្តាលនៃប្រទេស នៅចុងខែសីហាខាងមុខ៕

Advertising