(អង់ការ៉ា)៖ ក្រសួងការពារជាតិតួកគីនាថ្ងៃចន្ទនេះបានឲ្យដឹងថា មកទល់ពេលនេះយន្តហោះសរុប ០៨គ្រឿងហើយ ត្រូវបានប្រើប្រាស់ ដើម្បីដឹកជញ្ជូនបរិក្ខាផ្សេងៗ នៃប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ី មកកាន់ប្រទេសតួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។

បើតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិតួកគី ដំណើរការដឹកជញ្ជូនបរិក្ខាប្រព័ន្ធ S-400 មកកាន់តួកគីនៅតែបន្តប្រព្រឹត្តទៅ ហើយមកទល់ពេលនេះយន្តហោះធំៗ ០៨គ្រឿងហើយ បានមកចុះចតនៅមូលដ្ឋានទ័ពអាកាស មើធេដ (Murted)។ ការប្រគល់ ប្រព័ន្ធ S-400 ពីប្រទេសរុស្ស៊ីមកកាន់តួកគី បានចាប់ផ្តើមកាលពីថ្ងៃទី១២ ខែកក្កដានេះ ដោយនាថ្ងៃនោះយន្តហោះដឹកជញ្ជូន ០៣គ្រឿង បានមកដល់បន្ទាយយោធា Murted។

គួរជម្រាបថា ដោយសារតែការទិញសព្វាវុធ S-400 ពីប្រទេសរុស្ស៊ី ទីក្រុងអង់ការ៉ា កំពុងប្រឈមនឹងការអាចដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប៉ុន្តែប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ បានលើកឡើងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មាន សិទ្ធិអំណាចលើកលែងការធ្វើបែបនេះបាន៕