(ម៉ូស្គូ)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាសាន់ រូហានី បាននិយាយថា អ៉ីរ៉ង់បានត្រៀមខ្លួន រួចជាស្រេច ដើម្បីជួបចរចាជាមួយសហរដ្ឋអាមេរិក បើសិនជាទីក្រុងវ៉ាស៊ីនតោន លុបចោលទណ្ឌកម្ម និងការគំរាមកំហែងប្រឆាំងទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។

ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុក កាលពីថ្ងៃអាទិត្យ លោក រូហានី បានគូសបញ្ជាក់ ដូច្នេះថា៖ « យើងតែងតែត្រៀមខ្លួនជានិច្ចសម្រាប់កិច្ចចរចា...ហើយនៅពេលនេះ ម៉ោងនេះ ខ្ញុំចង់ប្រាប់អ្នក (អាមេរិក) ឱ្យលុបចោលការគំរាមកំហែង និងការដាក់ទណ្ឌកម្ម ជាមុនសិន ដើម្បីត្រឡប់ទៅរកកិច្ចចរចាវិញ»។

តែយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៉ីរ៉ង់រូបនេះ នៅតែបញ្ជាក់ដដែលថាអ៉ីរ៉ង់នឹងចាត់ វិធានការឆ្លើយតបនានា ចំពោះការគំរាមកំហែង និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសំណុំរឿងនុយក្លេអ៊ែរអ៉ីរ៉ង់។

គួរជម្រាបថា ការលើកឡើងខាងលើរបស់លោក រូហានី ធ្វើឡើងក្រោយបារាំង អាល្លឺម៉ង់ និងអង់គ្លេស អំពាវនាវឱ្យមានកិច្ចសន្ទនាមួយ រវាងភាគីជាហត្ថលេខីនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ភាពតានតឹងបច្ចុប្បន្ន រវាងអាមេរិក និងអ៉ីរ៉ង់៕