(ម៉ូស្គូ)៖ ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ កែវយឺតអវកាសថ្មីឈ្មោះថា Spektr-RG ត្រូវបានឡើងនាំយកទៅកាន់ទីអវកាសដោយជោគជ័យ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩។

កែវយឺតអវកាសខាងលើ ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋាន Baikonur cosmodrome ដែលស្ថិតនៅប្រទេសកាហ្សាក់ស្ថាន តាមរយៈគ្រាប់រ៉ុក្កែតរុស្ស៊ី Proton-M ក្រោយមានការពន្យារពេលចំនួនពីរលើក ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា មក។ ជំហានបន្ទាប់ កែវយឺតអវកាសនេះ នឹងធ្វើដំណើរទៅកាន់គន្លងវិថីមួយក្នុងទីអវកាសហៅថា L2 ដែលជាចំណុចមានស្ថិរភាពរវាងកម្លាំងទំនាញរបស់ព្រះអាទិត្យ និងភពផែនដី និងជួយឲ្យ Spektr-RG ធ្វើប្រតិបត្តិការ ដោយសន្សំសំចៃឥន្ធនៈ។

គួរជម្រាបថា ដោយបំពាក់នូវកែវឆ្លុះប្រភេទកាំរស្មីអ៊ិចពិសេសចំនួនពីរ កែវយឺតអវកាស Spektr-RG ដែលជាគម្រោងរួមគ្នារវាង ទីភ្នាក់ងារអវកាសរុស្ស៊ីនិងអាល្លឺម៉ង់ មានគោលដៅចម្បងក្នុងការបង្កើតផែនទីនៃផ្ទៃមេឃ ដែលរួមមានកញ្ចុំកាឡាក់ស៊ីប្រមាណ ១០០,០០០ និងក្រុមប្រហោងខ្មៅប្រហែល០៣លាន ក្នុងចំណោមវត្ថុជាច្រើនទៀត៕

Advertising