(ហ៊ូស្តុន)៖ ប្រជាពលរដ្ឋត្រូវបានគេឲ្យត្រៀមលក្ខណៈរួចរាល់ ក្នុងការព្រឈមមុខនឹងព្យុះត្រូពិច ឈ្មោះប៊ែរី (Barry) ដែលត្រូវបានគេព្យាករណ៍ទុកមុនរួចហើយថា នឹងធ្វើឱ្យមានបំណាក់ដីនាព្រឹកថ្ងៃសៅរ៍នេះ នៅតាមបណ្តោយឆ្នេរភាគកណ្តាល នៃរដ្ឋល្វីសស៊ីណា (Louisiana)។ នេះបើតាមការចុះផ្សាយរបស់​ទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ នាល្ងាចថ្ងៃសៅរ៍ ទី១៣ ខែកក្តដា ឆ្នាំ២០១៩នេះ។

បើយោងតាមមជ្ឈមណ្ឌលតាមដានព្យុះអាមេរិកបានឲ្យដឹងថា ព្យុះត្រូពិចខាងលើត្រូវបានគេសង្ស័យថា នឹងអាចបង្កើនកម្លាំងក្លាយជា​ខ្យល់ព្យុះសង្ឃរាហឺរីខិន (hurricane) មុនពេលទៅដល់ឆ្នេរសមុទ្រភាគកណ្តាល នៃររដ្ឋល្វីស្យ៉ាណា (Louisiana) សហរដ្ឋអាមេរិក។ លើសពីនោះទៀត វានឹងបង្កឲ្យមានរលកខ្យល់ព្យុះ និងមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅទូទាំងឆ្នេរសមុទ្រនៅបែកខាងជើង។ ហេតុដូចនេះមន្រ្តីរដ្ឋាភិបាល និងប្រជាពលរដ្ឋបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ផលប៉ះពាល់ពី​ព្យុះត្រូពិចដំបូងគេនៅឆ្នាំនេះ ដែលនឹងធ្វើឱ្យមានគ្រោះបាក់ដី នៅសហរដ្ឋអាមេរិក។

រដ្ឋល្វីសស៊ីណា (Louisiana) បានប្រកាសអាសន្នទុកជាមុនសម្រាប់ការនឹងមកដល់ព្យុះ ប៊ែរី (Barry) ខណៈប្រជាពលរដ្ឋ និងក្រុមការងារជួយសង្គ្រោះ កំពុងមមាញឹកក្នុងការត្រៀមប្រយុទ្ធ នឹងផលប៉ះពាល់របស់ព្យុះនេះ។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃសុក្រសប្តាហ៍នេះ លោកអភិបាលរដ្ឋល្វីសស៊ីណា (Louisiana) គឺលោកច៊ន ប៊ែល អ៊ីវើតស៍(John Bel Edwards) បានប្រកាសថា រដ្ឋបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមមុខនឹងផលប៉ះពាល់ ហើយទំនប់នៅទីក្រុងញូអូលីនស៍ (New Orleans) គួរតែអាចទប់ទល់នឹងទឹកជំនន់នេះបានហើយ។

លោកអភិបាលបានសរសេរសារព្រមាននៅលើទំព័រ Twitter របស់លោកយ៉ាងដូច្នេះថា «វានឹងក្លាយជាព្រឹត្តការណ៍អាកាសធាតុដ៏សំខាន់មួយ ហើយប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់ទេ នេះជាពេលវេលាដែលអ្នក​ត្រូវត្រៀមខ្លួនហើយ»។ ដោយឡែកផលិតកម្មប្រេងដ៏សំខាន់​នៅភាគខាងត្បូងអាមេរិកក៏កំពុងព្រួយបារម្ភ​ពីការរងផលប៉ះពាល់ ដោយសារព្យុះកំណាច Barry ផងដែរ ព្រោះវាអាចធ្វើដំណើរការ​នៅរោងចក្រប្រេងរាំងស្ទះ និងអាចធ្វើប៉ះពាល់ដល់តម្លៃប្រេង​នៅក្នុងទីផ្សារ៕

Advertising