(វ៉ាស៊ីនតោន)៖ នាយឧត្ដមសេនីយអាមេរិកលោក ម៉ាក មាលឡេយ (Mark A. Milley) ដែលត្រូវបានលោក ដូណាល់ ត្រាំ តែងតាំងជាទីប្រឹក្សាយោធាជាន់ខ្ពស់ម្នាក់បាននិយាយថា ទោះបីជានៅ ១០០ឆ្នាំក្រោយ ក៏ចិននឹងនៅតែជាគូប្រជែងដ៏ធំរបស់សហរដ្ឋអាមេរិកដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៩។

លោក Mark A. Milley ធ្វើការកត់សម្គាល់បែបនេះ ប្រាប់គណៈកម្មាធិការសេវាកម្មអាវុធ នៃព្រឹទ្ធសភាអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នាឱកាសនោះនាយឧត្ដមសេនីយ រូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា ចិននឹងនៅតែជាគូប្រជែង និងជាបញ្ហាដ៏ធំសម្រាប់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ទោះបីជានៅពេល ៥០ឆ្នាំ ឬ ១០០ឆ្នាំក្រោយក៏ដោយ...»

តែទោះជាយ៉ាងនេះក្ដី លោក Milley ក៏បានអះអាងដែរថា ចិនមិនមែនជាសត្រូវរបស់អាមេរិក ឡើយតែគឺជាគូប្រជែង។ លោកបន្ថែមដូច្នេះថា «ពាក្យថាសត្រូវនៅក្នុងវចនានុក្រមរបស់ខ្ញុំ និងនៅក្នុងភាសាយោធា គឺអ្នកកាន់អាវុធធ្វើសកម្មភាពនៅក្នុងសង្រ្គាម។ យើងមិនចង់ធ្វើសង្រ្គាមជាមួយចិននោះទេ តែក៏មិនមែនមានន័យថា យើងមិនបានត្រៀមខ្លួនជានិច្ចនោះដែរ»

គួរបញ្ជាក់ថា បើតាមលោក Milley បច្ចុប្បន្នចិនមានការរីកចំរើនខាងបច្ចេកវិទ្យាយ៉ាងឆាប់ រហ័សទាំងនៅក្នុងវិស័យយោធា អវកាស ព័ត៌មានវិទ្យា សមុទ្រ នៅលើគោក និងនៅលើអាកាស ដែលនេះគឺជាអ្វីដែលសហរដ្ឋអាមេរិកត្រូវតែធ្វើឱ្យប្រាកដថា ខ្លួននឹងមិនបាត់បង់ផលប្រយោជន៍ទៅឱ្យប្រទេសដទៃ ជាពិសេសគឺចិននេះតែម្ដង៕