(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការងារអាមេរិក លោក Alex Acosta នាថ្ងៃសុក្រនេះ បានប្រកាសថា រូបលោកនឹងលាលែងពីមុខតំណែង ក្រោយទទួលរងសម្ពាធពាក់ព័ន្ធសំណុំរឿងជួញដូរផ្លូវភេទអនីតិជនរបស់មហាសេដ្ឋីអាមេរិកម្នាក់ឈ្មោះ Jeffrey Epstein កាលពី មួយទសវត្សរ៍មុន នៅពេលដែលលោកកាន់តួនាទីជារដ្ឋអាជ្ញាអាមេរិកប្រចាំនៅភាគខាងត្បូងរដ្ឋផ្លូរីដា។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNBC នៅយប់ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

លោក Acosta បានប្រកាសបែបនេះប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន ខណៈដែលលោកបានឈរនៅក្បែរប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន។ លោក ត្រាំ បានឲ្យដឹងថា លោក Acosta បានទូរស័ព្ទមកប្រាប់លោកពីដំណឹងនេះ កាលពី ព្រឹកថ្ងៃសុក្រនេះ ហើយវាគឺជាការសម្រេចចិត្តផ្ទាល់របស់លោក Acosta ក្នុងការចាកចេញពីតួនាទីជារដ្ឋមន្រ្តីការងារ។

មហាសេដ្ឋកិច្ចអាមេរិក Jeffrey Epstein បានស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរសហព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋានអាមេរិក ទាក់ទិនជាមួយនឹងបទឧក្រិដ្ឋផ្លូវភេទលើក្មេងស្រីៗជាអតីតិជន ដែលបានកើតឡើងតាំងពីចន្លោះឆ្នាំ២០០២ និងឆ្នាំ២០០៥ មកម្ល៉េះ នៅទីក្រុងញូយ៉ក និងនៅរដ្ឋផ្លូរីដា។

នៅឆ្នាំ២០០៨ លោក Acosta ដែលកាលនោះមានតួនាទីជារដ្ឋអាជ្ញាអាមេរិកប្រចាំនៅភាគខាងត្បូងរដ្ឋផ្លូរីដា បានចុះកិច្ចព្រមព្រៀង សម្ងាត់ដ៏ចម្រូងចម្រាសមួយជាមួយលោក Epstein ដែលអនុញ្ញាតឲ្យមហាសេដ្ឋីអាមេរិករូបនេះ រួចខ្លួនពីការកាត់ទោសពីបទចោទ ប្រកាន់ស្រដៀងគ្នាអស់រយៈពេលដល់ទៅជាង១០ឆ្នាំក្រោយមក។

យ៉ាងណាមិញ បញ្ហាសំណុំរឿងនោះបានផ្ទុះឡើងវិញ កាលពីថ្ងៃទី០៦ ខែកក្កដានេះ នៅពេលលោក Epstein ដែលជាបុគ្គលធ្លាប់មានទំនាក់ ទំនង ជិតស្និទ្ធិជាមួយមេដឹកនាំអាមេរិក រួមមានលោក ប៊ីល គ្លីនតុន និង លោក ត្រាំ ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួន ពីបទជួញដូរនិង លួងលោមក្មេងស្រីៗជាច្រើននាក់ ដែលជាអនីតិជនឲ្យរួមភេទជាមួយខ្លួន៕