(អង់ការ៉ា)៖ ក្រសួងការពារជាតិតួកគី បានឱ្យដឹងនៅថ្ងៃសុក្រនេះថា បរិក្ខាប្រព័ន្ធមីស៊ីលការពារដែន អាកាសរុស្ស៊ី S-400 ដំបូង បានមកដល់ទឹកដីតួកគីហើយ ខណៈទណ្ឌកម្មរបស់សហរដ្ឋអាមេរិក កំពុងត្រៀមទទួលស្វាគមន៍រួចជាស្រេច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិតួកគី បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា៖ «តួកគី បានទទួលបរិក្ខាប្រព័ន្ធមីស៊ីល S-400 ដំបូងពីរុស្ស៊ីហើយ និងកំពុងដឹកជញ្ជូនវាទៅកាន់មូលដ្ឋាន ទ័ពអាកាស Murted ក្នុងទីក្រុងអង់ការ៉ា»

គួរជម្រាបថា ទីក្រុងអង់ការ៉ា បានចុះកិច្ចព្រមព្រៀងទិញ S-400 ក្រោមកម្ចីពីរុស្ស៊ីកាលពីខែធ្នូ ឆ្នាំ២០១៧។ ប៉ុន្តែ សហរដ្ឋអាមេរិក បានព្រមានជាបន្តបន្ទាប់ថាតួកគី នឹងត្រូវប្រឈមមុខជាប់ ទណ្ឌកម្ម បើមិនព្រមលុបចោលគម្រោងទិញប្រព័ន្ធមីស៊ីលរុស្ស៊ីនេះទេនោះ។ ដ្បិតប្រព័ន្ធមីស៊ីល រុស្ស៊ីអាចនឹងបំផ្លាញដល់យុទ្ធសាស្ត្រការពារដែនអាកាសរបស់អង្គការណាតូ ដែលតួកគីផ្ទាល់ក៏ជា សមាជិកផងដែរ។

ប៉ុន្តែ ទីក្រុងអង់ការ៉ា បានមិនស្ដាប់ការព្រមាននេះឡើយ ដោយអះអាងថាការទិញប្រព័ន្ធមីស៊ីល រុស្ស៊ីគឺជារឿងចំាបាច់សម្រាប់សន្តិសុខជាតិ ហើយតួកគីមានសិទ្ធិស្វ័យភាពក្នុងការធ្វើពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសដទៃ៕