(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យមានការស៊ើបអង្កេតមួយជាលក្ខណៈ អន្តរជាតិ លើការចោទប្រកាន់របស់ទីក្រុងតូក្យូដែលថា ទីក្រុងសេអ៊ូលបានរំលោភបំពានទណ្ឌកម្ម អង្គការសហប្រជាជាតិ តាមរយៈការនាំចេញវត្ថុធាតុដើមសំខាន់ៗ ក្នុងនោះរួមមាន hydrogen fluoride ដែលនាំចូលពីជប៉ុនទៅកាន់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមក្រុមមន្ត្រីជប៉ុន hydrogen fluoride ដែលនាំចូលពីជប៉ុនទៅកាន់កូរ៉េខាងជើង អាចនឹងត្រូវបានប្រើប្រាស់ក្នុងការផលិតអាវុធគីមី។ ប៉ុន្តែលោក គីម យូជឿន (Kim You-geun) ជានាយករងផ្នែកសន្តិសុខជាតិកូរ៉េខាងត្បូង បានទាត់ចោលការប្រកាន់របស់ ក្រុមមន្ត្រីជប៉ុនដោយអះអាងតបថា កូរ៉េខាងត្បូងបានគោរព និងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួននូវទណ្ឌកម្ម UN ប្រឆាំងកូរ៉េខាងជើង ហើយលោកពិតជា សោកស្ដាយចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានពីសំណាក់ទីក្រុងតូក្យូ។

លោក Kim You-geun បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា «យើងពិតជាសោក ស្ដាយចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ពីក្រុមមន្ត្រីជប៉ុនដែលថា រដ្ឋាភិបាលកូរ៉េខាងត្បូង បានរំលោភទណ្ឌកម្ម UN... ដូច្នេះហើយយើងស្នើឱ្យមានការស៊ើបអង្កេតថ្នាក់អន្តរជាតិ ក្រោមការចូលរួមពីអ្នកជំនាញ UN»។ លោក Kim បន្ថែមថា បើសិនជាការស៊ើបអង្កេតរកឃើញថា កូរ៉េខាងត្បូងពិតជាបានប្រព្រឹត្តកំហុស នោះទីក្រុងសេអ៊ូលនឹងធ្វើការសូមទោស ព្រមទាំងចាត់វិធានការកែតម្រូវជាបន្ទាន់ ផ្ទុយទៅវិញបើការស៊ើបអង្កេតរកមិនឃើញកំហុសទេ នោះជប៉ុនមិនមែនត្រឹមតែត្រូវសូមទោសទេ ប៉ុន្តែក៏ត្រូវលុបចោលការរឹតត្បិត ការនាំចេញរបស់ខ្លួនជាបន្ទាន់ផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នជប៉ុន និងកូរ៉េខាងត្បួង ដែលសុទ្ធសឹងតែជាសម្ព័ន្ធមិត្តអាមេរិក កំពុងមានជម្លោះទាំងពាណិជ្ជកម្ម និងការទូតនឹងគ្នា ក្រោយទីក្រុងតូក្យូ ប្រកាសដាក់ការរឹតត្បិតការនាំចេញវត្ថុធាតុដើមសំខាន់ៗ សម្រាប់ផលិតអេក្រង់ទូរស័ព្ទស្មាតហ្វូន និងបន្ទះឈីប ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងនានា។ ទីក្រុងសេអ៊ូលចោទថា ការសម្រេចចិត្តបែបនេះរបស់ជប៉ុន គឺជាការសងសឹកទៅនឹងសាលក្រមតុលាការកូរ៉េខាងត្បូង ដែលតម្រូវឱ្យក្រុមហ៊ុនជប៉ុនមួយចំនួន សងសំណងដល់ប្រជាជនកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការងារនៅក្នុងឧស្សាហកម្មជប៉ុន អំឡុងសង្រ្គាមលោកលើកទី ២។

ប៉ុន្តែនៅថ្ងៃសុក្រនេះដែរ មន្ត្រីក្រសួងការបរទេសជប៉ុនម្នាក់បានបញ្ជាក់ថា ការសម្រេចចិត្តរឹតត្បិត ការនាំចេញនេះ មិនមែនជាការសងសឹកទៅនឹងសាលក្រមនេះទេ តែដោយសារកង្វះខាតការ ប្រឹក្សាយោបល់លើការផ្លាស់ប្ដូរព័ត៌មានឱ្យគ្នាទៅវិញទៅមក ស្ដីពីការនាំចេញតែប៉ុណ្ណោះ៕

Advertising