(ញូយ៉ក)៖ ប៉ូលិសអាមេរិកនៅក្នុងទីក្រុងញូយ៉ក បានបំបែកការប៉ះទង្គិចគ្នារវាងក្រុមអ្នកគំាទ្រ និងក្រុមអ្នកប្រឆាំងប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) កំឡុងដំណើរឈប់សំចតមួយនៅសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈដែលលោកស្រីនឹងស្នាក់នៅពីរយប់ មុនបន្តដំណើរទៅបណ្តាប្រទេសនៃសមុទ្រការីបៀន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ការប៉ះទង្គិចគ្នាបានកើតឡើងនៅខាងក្រៅសណ្ឋាគារ ហ្គ្រេនដ៍ ហ៊ីយ៉េត (Grand Hyatt) ជាទីដែលលោកស្រី ត្សៃ ត្រូវស្នាក់នៅរយៈពេល ០២ថ្ងៃ នៃដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក។ ក្រុមអ្នកប្រឆាំងនឹងប្រធានាធិបតីតៃវ៉ាន់ បាននាំគ្នាគ្រវីទង់ជាតិទង់ជាតិចិន ហើយក៏បានប្រតាយប្រតប់គ្នាជាមួយអ្នកគាំទ្រលោកស្រី ត្សៃ ផងដែរ ខណៈបុរសម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន។

គួរបញ្ជាក់ថា ក្រោយបញ្ចប់ទស្សនកិច្ចមិនផ្លូវការ ០២ថ្ងៃនៅសហរដ្ឋអាមេរិក លោកស្រី ត្សៃ នឹងបន្តបំពញទស្សនកិច្ចទៅកាន់ប្រទេសជាសម្ព័ន្ធមិត្តនៅក្នុងតំបន់ Caribbean។ ប៉ុន្តែ ដំណើរទស្សនកិច្ចរបៀបនេះរបស់មេដឹកនាំតៃវ៉ាន់ តែងតែបង្កការខឹងសម្បារដល់រដ្ឋាភិបាលទីក្រុងប៉េកាំង ប៉ុន្តែសហរដ្ឋអាមេរិកបានបញ្ជាក់ជំហរ តបវិញថា ខ្លួននៅគោរពទៅតាមនយោបាយចិនតែមួយ នោះគឺកោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយ របស់ប្រទេសចិនតែប៉ុណ្ណោះ៕