(រីយ៉ូ)៖ ប្រធានាធិបតីប្រេស៊ីល លោក ហ្សែរ បូលសូណារ៉ូ (Jair Bolsonaro) នាថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅប្រស៊ីល) បានបញ្ជាក់ថា លោកកំពុងតែពិចារណាជ្រើសតាំងកូនប្រុសរបស់លោកឈ្មោះ អេឌូអាឌូ បូលសូណារ៉ូ (Eduardo Bolsonaro) ឲ្យកាន់តួនាទីជាឯកអគ្គរដ្ឋទូតប្រេស៊ីល​ប្រចាំនៅសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងពិធីកាន់តំណែងនាយកថ្មី នៃទីភ្នាក់ងារស៊ើបអង្កេតការណ៍សម្ងាត់ប្រេស៊ីល លោកប្រធានាធិបតីប្រេស៊ីលបានលើកឡើងថា បើតាមគំនិតលោក គឺកូនប្រុសលោករូបនេះ​អាចមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទទួលបន្ទុកកិច្ចការងារផ្សេងៗនៅវ៉ាស៊ីនតោន ហើយលោកបានបញ្ជាក់ថា ការពិចារណាលើរឿងនេះត្រូវបានធ្វើឡើងតាំងតែពីឆ្នាំមុនមកម្ល៉េះ ដើម្បីវាយតម្លៃលើគុណសម្បត្តិ និងគុណវិបត្តិផ្សេងៗ។

គួរជម្រាបថា ខណៈលោក Eduardo Bolsonaro បច្ចុប្បន្នមានមុខតំណែងក្នុង គណៈកម្មាធិការទំនងទំនងការបរទេសនៃសភា តំណាងរាស្រ្តប្រេស៊ីល លោកមិនធ្លាប់កាន់តួនាទីការទូតពិតប្រាកដណាមួយពីមុនមកឡើយ។ ស្ថានទូតប្រេស៊ីលប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន លែងមានឯកអគ្គរដ្ឋទូតចាប់តាំងពីខែមេសា ឆ្នាំ២០១៩នេះ នៅពេលលោក Jair Bolsonaro បានផ្ទេរឯកអគ្គរដ្ឋទូតមុនឲ្យត្រឡប់មកធ្វើការក្នុងក្រសួងការបរទេសប្រេស៊ីលវិញ។ យ៉ាងណាមិញ ការតែងតាំងឯកអគ្គរដ្ឋទូតថ្មី នឹងត្រូវតែឆ្លងកាត់ការអនុម័តយល់ព្រមពីសភាប្រេស៊ីល ទើបអាចសម្រេចជាផ្លូវការបាន៕

Advertising