(សេអ៊ូល)៖ កងទ័ពអាមេរិកប្រចាំប្រទេសកូរ៉េខាងត្បូង (USFK) បានឱ្យដឹងថា មីស៊ីលផ្លោងអន្តរទ្វីប Hwasong-15 របស់កូរ៉េខាងជើង មានសមត្ថភាពបាញ់ដល់ទីតាំងដីគោក គ្រប់ទីកន្លែងទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ហើយដែលនេះគឺជាការវាយតម្លៃផ្លូវការដំបូងបំផុត ពីសមត្ថភាពមីស៊ីលអន្តរទ្វីបនៃរបបដឹកនាំ លោក គីម ជុងអ៊ុន ដែលចេញពីមាត់សហរដ្ឋអាមេរិកផ្ទាល់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងការវាយតម្លៃប្រចំាឆ្នាំរបស់ខ្លួន ចេញផ្សាយនៅសប្ដាហ៍នេះ USFK បានបញ្ជាក់ទៀតថា មីស៊ីល Hwasong-15 ដែលកូរ៉េខាងជើងបានធ្វើតេស្ដកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ អាចបាញ់បានក្នុងចំងាយ ១២,៨៧៤គីឡូម៉ែត្រ ដែលជាចំងាយនេះអាចបាញ់ដល់ទីតាំង ដីគោកគ្រប់ទីន្លែងនៅក្នុងសហរដ្ឋអាមេរិកតែម្តង។

គួរបញ្ជាក់ថា ក្រៅពី Hwasong-15 កូរ៉េខាងជើងនៅមានមីស៊ីលអន្តរទ្វីប Hwasong-13 និង Hwasong-14។ មីស៊ីល Hwasong-13 អាចបាញ់បានក្នុងចំងាយ ៥,៥០០ គីឡូម៉ែត្រ រីឯ Hwasong-14 អាចបាញ់បានចំងាយ ១២,៨៧៤គីឡូម៉ែត្រ ដែលជាចំងាយអាចរត់ទៅ ដល់ទឹកដីរបស់សហរដ្ឋអាមេរិក។ ប្រការហេតុនេះក៏ត្រូវបានគេជឿជាក់ថា ជាហេតុផលបំផុតដែលបាននាំឲ្យសហរដ្ឋអាមេរិក ព្រមបើកការចរចាជាមួយកូរ៉េខាងជើងនៅឆ្នាំ២០១៨៕