(ឡុងដ៍)៖ ចក្រភពអង់គ្លេសបានបង្កើនការប្រកាសអាសន្នដល់កម្រិតខ្ពស់ ជាមួយការក្រើន រំលឹកឱ្យកប៉ាល់ដឹកប្រេងអង់គ្លេសទាំងអស់ កុំធ្វើដំណើរចូលក្នុងដែនទឹកអ៊ីរ៉ង់ ជាទីដែលការ វាយប្រហារជាយថាហេតុណាមួយអាចនឹងកើតឡើង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

ការបង្កើនកម្រិតប្រកាសអាសន្ននេះ ធ្វើឡើងក្រោយយោធាអង់គ្លេសអះអាងថា ទូកល្បាតអ៊ីរ៉ង់ ជាច្រើនគ្រឿងបានព្យាយាមឡោមព័ទ្ធកប៉ាល់ដឹកប្រេងអង់គ្លេស នៅច្រកសមុទ្រ ហ័រមូស (Hormuz) ជាការសងសឹកទៅនឹងទីក្រុងឡុងដ៍ ដែលបានរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ កាលពីសប្ដាហ៍កន្លងទៅ។ អង់គ្លេសបានចាត់ទុកទង្វើនេះ ជាការរំលោភលើច្បាប់អន្តរជាតិ ប៉ុន្តែទីក្រុងតេហេរ៉ង់បានទាត់ចោលការចោទប្រកាន់ទាំងអស់ ដោយអះអាងតបវិញថា ទូកអ៊ីរ៉ង់មិនបានឡោមព័ទ្ធកប៉ាល់ដឹកប្រេងអង់គ្លេសនោះទេ។

គួរជម្រាបថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអង់គ្លេស បានផ្ទុះឡើងក្រោយកងនាវាអង់គ្លេស រឹបអូសកប៉ាល់ដឹកប្រេងជាង ២លានបារ៉ែលឈ្មោះ Grace 1 របស់អ៊ីរ៉ង់នៅឈូងសមុទ្រ ជីប្រាល់តា (Gibraltar) កាលពីថ្ងៃទី០៤ ខែកក្កដា ដោយចោទប្រកាន់ថា កប៉ាល់នេះរំលោភបំពានលើទណ្ឌកម្មអឺរ៉ុប តាមរយៈការដឹកប្រេងឆ្ពោះទៅកាន់ប្រទេសស៊ីរី តបតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោន។

ដោយឡែកកាលពីព្រហស្បតិ៍ យោធាអ៊ីរ៉ង់បានព្រមានជាថ្មីថាអង់គ្លេស និងសហរដ្ឋអាមេរិក នឹងស្ដាយក្រោយចំពោះការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដែលប្រៀបបានទៅនឹង «សកម្មភាពចោរសមុទ្រ»៕