(អ៉ីរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាសហរដ្ឋអាមេរិក រួមទាំង ចក្រភពអង់គ្លេស នឹងស្ដាយក្រោយចំពោះការរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ នៅឈូងសមុទ្រនៃដែន ដី Gibraltar កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

កងនាវាអង់គ្លេស បានរឹបអូសកប៉ាល់ដឹកប្រេងជាង២លានបារ៉ែលឈ្មោះ Grace 1 របស់អ៉ីរ៉ង នៅឈូងសមុទ្រ Gibraltar កាលពីថ្ងៃទី៤ ខែកក្កដា ដោយចោទប្រកាន់ថាកប៉ាល់នេះរំលោភ បំពានលើទណ្ឌកម្មអឺរ៉ុប តាមរយៈការដឹកប្រេងឆ្ពោះទៅកាន់ប្រទេសស៊ីរី តបតាមសំណើរបស់ ទីក្រុងវ៉ាស៊ីនតោន។

ដោយឡែក នៅថ្ងៃព្រហស្បតិ៍នេះដែរ ទីក្រុងតេហេរ៉ង់ បានចេញមុខបដិសេធថាកងកម្លាំងរបស់ ខ្លួនមិនបានឡោមព័ទ្ធកប៉ាល់ដឹកប្រេងអង់គ្លេស នៅឯច្រក Strait of Hormuz ជាការសងសឹក ដូចដែលទីក្រុងឡុងដ៍ចោទប្រកាន់នោះទេ។

គួរជម្រាបថា កាលពីថ្ងៃចន្ទកន្លងទៅ រដ្ឋមន្ត្រីការពារជាតិអ៉ីរ៉ង់ ក៏បានសន្យាដែរថានឹងចាត់វិធានការ ឆ្លើយតបទៅនឹងការរឹបអូសកប៉ាល់ដឹកប្រេងអ៉ីរ៉ង់ ដោយហៅទង្វើនេះថាប្រៀបបានទៅនឹង «សកម្មភាពចោរសមុទ្រ»៕