(ប៉ារីស)៖ ព្រឹទ្ធសភាបារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តហើយលើច្បាប់ស្ដីពីការយកពន្ធពី ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ក្នុងនោះរួមមានទាំង Google និង Facebook បើទោះជាមានការ ព្រមានចាត់វិធានការពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

ច្បាប់ស្ដីពីការយកពន្ធខាងលើ ត្រូវបានអនុម័តដោយព្រឹទ្ធសភាបារាំង និងកើតមានឡើងតែមួយថ្ងៃ ប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បញ្ជាឱ្យមានការស៊ើបអង្កេតលើ គម្រោងយកពន្ធរបស់រដ្ឋាភិបាលបារាំងពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក។ ម្យ៉ាងវិញទៀត ការស៊ើបអង្កេតនេះទៀតសោត ក៏ត្រូវបានគេរំពឹងដែរថាអាចនឹងបង្កទៅជាជម្លោះពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ។

គួរគម្រាបថា កាលពីខែមីនា កន្លងទៅ រដ្ឋមន្ត្រីហិរញ្ញវត្ថុបារាំង លោក Bruno Le Maire បាននិយាយថា បារាំងអាចនឹងប្រមូលពន្ធ ៣ភាគរយ ពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៣០ ដែល រកប្រាក់ចំណូលប្រចាំឆ្នាំបានច្រើនជាង ៨៤៤លានដុល្លារ ក្នុងនោះរួមមានទាំងក្រុមហ៊ុន Facebook, Google, Apple និង Amazon ជាដើម៕

Advertising