(សេអ៊ូល)៖ បញ្ហាវិវាទថ្មីៗនេះរវាងជប៉ុន និងកូរ៉េខាងត្បូងត្រូវគេមើលឃើញថា អាចបង្កការធ្ងន់ធ្ងរដល់ទីផ្សារបច្ចេកវិទ្យាសកល និង ធ្វើឲ្យផលិតផលឡើងថ្លៃខ្ពស់សម្រាប់អតិថិជន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​សារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

កាលពីសប្តាហ៍មុនទីក្រុងតូក្យូបានប្រកាស ដាក់កំហិតលើការនាំចេញវត្ថុធាតុដើមបច្ចេកវិទ្យាចំនួន ០៣មុខ មកកាន់កូរ៉េខាងត្បូង ខណៈវត្ថុធាតុទាំងនោះ គឺជាគ្រឿងផ្សំយ៉ាងសំខាន់ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ ប្រទេសកូរ៉េខាងត្បូងដូចជា Samsung Electronics និង SK Hynix ជាដើមក្នុងការផលិតផ្ទៃអេក្រង់របស់ស្មាតហ្វូន និងបន្ទះឈីបប្រភេទ memory chip។ ជប៉ុនបានសម្រេចដូច្នេះ ព្រោះបញ្ហាជម្លោះផ្នែកផ្សេងទៀតរវាងភាគីទាំងពីរ នោះគឺការទាមទារសំណងរបស់កូរ៉េខាងត្បូង ជុំវិញការបង្ខិតបង្ខំជនជាតិខ្លួន ឲ្យធ្វើការលើសកម្លាំង កាលពីសម័យអាណានិគមជប៉ុនលើទឹកដីកូរ៉េ។

គួរជម្រាបថា ខណៈមកទល់ពេលនេះ ជប៉ុននៅមិនទាន់បានបង្ហាញឆន្ទៈចង់ចរចាគ្នា ស្ថានភាពសម្រាប់ក្រុមហ៊ុន Samsung និង SK Hynik គឺមិនសូវល្អប៉ុន្មានឡើយ។ ក្រុមហ៊ុនទាំងពីរ ទទួលបន្ទុកស្ទើរតែពីរភាគបីនៃទីផ្សារបន្ទះឈីបលើពិភពលោក ខណៈពួកគេក៏ជាអ្នកផ្គត់ផ្គង់ ឲ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗដទៃទៀតរួមមាន Apple Huawei និង Amazon ផងដែរ។ អ្នកវិភាគច្រើនមើលឃើញថា ប្រសើនបើស្ថានការណ៍បែបនេះនៅតែបន្ត វានឹងជះផលអាក្រក់ខ្លាំងដល់ទីផ្សារបច្ចេកវិទ្យាសកល និងធ្វើឲ្យផលិតផល ឡើងថ្លៃខ្ពស់សម្រាប់អតិថិជនជាក់ជាមិនខាន៕