(ហ្សឺណែវ)៖ មន្ត្រីនៃឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងអង់គ្លេសនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលចោទថា អ៊ីរ៉ង់បានព្យាយាមឡោមព័ទ្ធ និងមានចេតនាចាប់ឃាត់ទុកនាវាដឹកប្រេងអង់គ្លេស នៅច្រកសមុទ្រហ័រមូស (Hormuz)។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។

តាមប្រភពពីមន្ត្រីអាមេរិកបានឲ្យដឹងថា មានទូកល្បាតចំនួន ០៥គ្រឿង ដែលត្រូវបានគេជឿថា ជាកម្មសិទ្ធិរបស់កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បានប៉ុនប៉ងរឹបអូសយកកប៉ាល់ដឹកប្រេង ប្រ៊ីធីសហឺរីថេច (British Heritage) ដែលធ្វើដំណើរក្នុងឈូងសមុទ្រពែក តាមរយៈការទាមទារឲ្យកប៉ាល់នោះឈប់ នៅក្នុងដែនទឹករបស់ប្រទេសអ៊ីរ៉ង់ ប៉ុន្តែក៏បានដកថយទៅវិញ ក្រោយទទួលបាន ការព្រមានពីនាវាចម្បាំង ម៉ុនត្រូស (Montrose) ដែលអមដំណើរកប៉ាល់ British Heritage នោះ។

ជាការឆ្លើយតបវិញ កងទ័ពជើងទឹកអ៊ីរ៉ង់បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា ទូកល្បាតរបស់ពួកគេ គឺកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួន ទៅតាមសកម្មភាពជាធម្មតាប៉ុណ្ណោះ វាមិនមែនជាការប៉ុនប៉ងឡោមព័ន្ធ ឬចង់ឃាត់ទុកនាវាដឹកប្រេងរបស់អង់គ្លេស ដូចអ្វីដែលសហរដ្ឋបានចោទប្រកាន់នោះឡើយ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងយ៉ាងដូច្នេះថា «ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ យើងមិនឃើញមានការប៉ះទង្គិចណាមួយ ជាមួយនាវាបរទេសនោះទេ ដែលរួមមានទាំងនាវារបស់អង់គ្លេសផងដែរ»។

ទោះបីជាយ៉ាងណា រដ្ឋាភិបាលអង់គ្លេសបាននិយាយនៅរសៀលថ្ងៃព្រហស្បតិ៍នេះថា ទូកល្បាតអ៊ីរ៉ង់ចំនួន ០៣គ្រឿង (អាមេរិកបញ្ជាក់ពីដើមថា ០៥គ្រឿង) បានព្យាយាមទប់ស្កាត់ការធ្វើដំណើរឆ្លងកាត់ របស់នាវាដឹកប្រេងរបស់ខ្លួន នៅច្រកសមុទ្រហ័រមូស (Hormuz) ប៉ុន្តែបានដកថយទៅវិញបន្ទាប់ពីទទួលបានការព្រមាន។

គួររំលឹកថា កាលពីពេលថ្មីៗនេះកងម៉ារីនរបស់អង់គ្លេស បានរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់មួយគ្រឿង នៅច្រកសមុទ្រជីប្រាល់តា (Gibraltar) ក្រោមការសង្ស័យថា កប៉ាល់នោះល្មើសនឹងទណ្ឌកម្មអន្តរជាតិ ដែលបានដាក់លើប្រទេសអ៊ីរ៉ង់។ ជុំវិញទង្វើនេះ អ៊ីរ៉ង់ក៏បានថ្កោលទោសផងដែរ និងព្រមានឲ្យអង់គ្លេសដោះលែងនាវានោះជាបន្ទាន់ បើមិនដូច្នោះទេអ៊ីរ៉ង់នឹងចាត់វិធានការតបតទៅវិញ៕