(តៃវ៉ាន់)៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន (Tsai Ing-wen) បានចេញដំណើរឆ្ពោះទៅទឹកដីសហរដ្ឋអាមេរិកហើយ នាថ្ងៃព្រហស្បតិ៍នេះ ចំពោះមុខការមិនពេញចិត្តពីសំណាក់ទីក្រុងប៉េកាំង ដែលចាត់ទុកទង្វើនេះថា ជាការរំលោភលើគោលនយោបាយចិនតែមួយ។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

បើតាមកាលវិភាគធ្វើដំណើរ លោកស្រី Tsai នឹងចំណាយពេលសរុប ០៤យប់ស្នាក់នៅក្នុងទឹកដីអាមេរិក ពោលគឺពីរយប់ពេលទៅដល់ និងពីរយប់ក្រោយត្រឡប់ពីបំពេញទស្សនកិច្ច នៅតាមបណ្តាប្រទេសក្នុងតំបន់ការីបៀនវិញ។ ជាដំបូងលោកស្រីនឹងចុះចតនៅឯទីក្រុងញូយ៉ក ហើយពេលត្រឡប់មកវិញលោកស្រី Tsai នឹងចុះនៅទីក្រុង ឌែនវើ (Denver) រដ្ឋកាលីហ្វ័រញ៉ា។

យ៉ាងណា ការចំណាយពេលវេលាលើកនេះនៅសហរដ្ឋអាមេរិក នឹងយូរជាងរាល់ដង ព្រោះជាធម្មតាលោកស្រី​បានចំណាយពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ពេលឈប់ឆ្លងកាត់ដី អាមេរិកម្តងៗ។ ការធ្វើទស្សនកិច្ចនេះ តែងតែត្រូវបានរៀបចំឡើងជារឿយៗ ខណៈបណ្តាប្រទេសមួយចំនួននៅអាមេរិកកណ្តាល នៅតែបន្តរក្សាទំនាក់ទំនងជាមួយកោះតៃវ៉ាន់។

គួរជម្រាបថា រដ្ឋាភិបាលទីក្រុងប៉េកាំងដែលចាត់ទុកកោះតៃវ៉ាន់ ត្រឹមជាខេត្តមួយរបស់ប្រទេសចិន តែងតែបានអំពាវនាវយ៉ាងទទូចឲ្យសហរដ្ឋអាមេរិក កុំផ្តល់ការអនុញ្ញាតឲ្យលោកស្រី Tsai ឈប់ឆ្លងកាត់ទឹកដីរបស់ខ្លួន កំឡុងការបំពេញទស្សនកិច្ចក្រៅ ប្រទេសរបស់លោកស្រី នៅតំបន់ក្បែរនោះឲ្យសោះ។ យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកពុំមានភាពប្រែប្រួល ក្នុងការគោរពចំពោះគោលនយោបាយចិនតែមួយឡើយ៕