(ស៊ីរី)៖ គិតចាប់តាំងពីខែមីនា ឆ្នាំ២០១១ សង្រ្គាមនៅក្នុងប្រទេសស៊ីរី បានផ្ដាច់ជីវិតមនុស្សច្រើនជាង ៤៦៥,០០០នាក់ និង ១២លាននាក់ទៀតក្លាយជាជនភៀសខ្លួន ទាំងនៅក្នុងប្រទេស និងទៅក្រៅប្រទេស។ ប៉ុន្តែបច្ចុប្បន្ននេះ ទោះបីជាកងកម្លាំងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ ដណ្ដើមគ្រប់គ្រងទឹកដីមួយភាគធំបានឡើងវិញក៏ដោយ ក៏សង្រ្គាមនៅតែបន្តកើតមានដដែល នៅក្នុងខេត្ត ហាម៉ា (Hama) និងខេត្ត អ៊ីដលីប (Idlib) ដែលជាសមរភូមិប្រយុទ្ធចុងក្រោយ។

* តើសង្រ្គាមស៊ីរីផ្ទុះឡើងយ៉ាងដូចម្ដេច?

មុនសង្រ្គាមស៊ីរីផ្ទុះឡើង ប្រជាជនស៊ីរីមួយចំនួនបានត្អួញត្អែរ និងតវ៉ាពីបញ្ហាគ្មានការងារធ្វើ អំពើពុករលួយ និងកង្វះសេរីភាពនយោបាយជាដើម ក្រោមការដឹកនាំរបស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ។ នៅខែមីនា ឆ្នាំ២០១១ ចលនាក្រុមអ្នកគាំទ្រលិទ្ធិប្រជាធិបតេយ្យ បានដឹកនាំបាតុកម្មតវ៉ានៅទីក្រុង ឌែរ៉ាអា (Deraa) នៃភាគខាងត្បូងប្រទេសស៊ីរី ដោយយកគំរូតាមបដិវត្តន៍អារ៉ាប់ នៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងតំបន់។

នៅពេលនោះហើយ ការបង្រ្កាបយ៉ាងហិង្សាពីសំណាក់អាជ្ញាធរស៊ីរី លើក្រុមបាតុករបានប្រែក្លាយ បាតុកម្មតវ៉ាទៅជាសង្រ្គាមស៊ីវិល ដែលត្រូវបានក្រុម ISIS ប្រើប្រាស់ជាឈ្នាន់ពង្រីកឥទ្ធិពលនៅស៊ីរី រហូតដល់មានការលូកដៃធ្វើអន្តរាគមន៍យោធា ពីប្រទេសខាងក្រៅដូចជា សហរដ្ឋអាមេរិក រុស្ស៊ី អ៊ីរ៉ង់ អង់គ្លេស បារាំង តួកគី អារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែល ដែលសុទ្ធសឹងតែសម្លឹងឃើញផលប្រយោជន៍របស់ខ្លួននៅស៊ីរី។

* តើនរណាខ្លះជាអ្នកគ្រប់គ្រងទឹកដីស៊ីរីបច្ចុប្បន្ន?

គិតមកទល់ឆ្នាំ២០១៩នេះ កងកម្លាំងរដ្ឋាភិបាលស៊ីរី ដោយមានការគំាទ្រពីរុស្ស៊ី បានវាយកម្ចាត់ក្រុម ISIS ដោយដណ្ដើមបានទឹកដីមួយធំមកវិញ ក្នុងនោះមានដូចជា Damascus, Homs, Hama, Aleppo, Latakia, Tartus, Palmyra និង Albu Kamal។ ចំណែកឯ ក្រុមឧទ្ទាមជាកងទ័ពរំដោះស៊ីរីដែលមានសហរដ្ឋអាមេរិកជាខ្នងបង្អែក កំពុងគ្រប់គ្រងតំបន់ជាច្រើននៅក្នុងខេត្ត Idlib ខណៈក្រុមឧទ្ទាមឃើដកាន់កាប់ទីក្រុង Raqqa, Qamishli និងទីក្រុង Hasakah ហើយ ISIS មានវត្តមានសេសសល់ក្នុងតំបន់ Albu Kamal។

* តើសមរភូមិក្តៅចុងក្រោយស្ថិតនៅទីណា?

ប្រជាជនស៊ីរី នៅក្នុងខេត្ត Hama និងខេត្ត Idlib កំពុងបន្តរស់នៅទាំងការភ័យខ្លាច​ពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ខេត្ត Idlib នៃភាគពាយព្យប្រទេសស៊ីរី បច្ចុប្បន្នត្រូវបានគេមើលឃើញថា គឺជាសមរភូមិចុងក្រោយ​រវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាម។ កងកម្លាំងរដ្ឋាភិបាល ស៊ីរី និងយោធារុស្ស៊ី បានចាប់ផ្ដើមបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំលើខេត្ត Idlib ចាប់តាំងពីខែមេសាមកម្ល៉េះ ហើយការវាយប្រយុទ្ធគ្នានេះ​បានបណ្ដាលឱ្យជនស៊ីវិលរាប់រយនាក់បាត់បង់ជីវិត។

ជាក់ស្ដែងកាលពីសប្ដាហ៍មុន ក្រុមអង្គការសិទ្ធិមនុស្សស៊ីរីបានចេញផ្សាយរបាយការណ៍មួយ ដោយចោទប្រកាន់យន្ដហោះចម្បាំងរុស្ស៊ី និងកងកម្លាំងស៊ីរីថា មានចេតនាយកជនស៊ីវិលជាគោលដៅ តាមរយៈការវាយប្រហារលើ​ហេដ្ឋារចនាសម្ព័ន្ធមន្ទីរពេទ្យ​នៃខេត្ត Idlib និងខេត្ត Hama ដោយផ្ដាច់ជីវិតជនស៊ីវិលច្រើនជាង ៥០០នាក់ ក្នុងនោះរួមមានកុមារជាង ១០០នាក់ផងដែរ ចាប់តាំងពីពួកគេបើកប្រតិបត្តិកការ វាយលុកខេត្តទាំងពីរនេះចាប់តាំងពីខែមេសាមក។ ប៉ុន្តែ ទាំងរុស្ស៊ី និងស៊ីរីទាត់ចោលការចោទប្រកាន់នេះ។

គួរបញ្ជាក់ថា ខេត្ត Idlib មានប្រជាជនស៊ីរីជាង៣លានាក់រស់នៅ។ ប៉ុន្តែ ចាប់តាំងពីខែមេសាមក មនុស្សចំនួន ៣០០,០០០នាក់ បានរត់គេចចេញពីផ្ទះសម្បែររបស់ខ្លួន ដើម្បីគេចចេញពីគ្រាប់បែកធ្លាក់ ពីលើមេឃ ចាប់តាំងពីខែមេសា មក។ ចំណែកឯអង្គការសហប្រជាជាតិ ក៏ធ្លាប់បានព្រមានជាច្រើនលើកផងដែរថា ខេត្តមួយនេះនឹងក្លាយជាសមរភូមិស៊ីសាច់ហុចឈាម រវាងកងទ័ពស៊ីរី និងក្រុមឧទ្ទាម
ស៊ីរី ដែលនឹងបង្កគ្រោះមហន្តរាយមនុស្សជាតិយ៉ាងធ្ងន់ធ្ងរ។

ដូច្នេះសរុបសេចក្តីមក ប្រទេសស៊ីរីនៅតែកំពុងស្ថិតនៅក្នុងសង្គ្រាម និងអសន្តិសុខដដែល គ្រាន់តែទំហំនៃជម្លោះបង្ហូរឈាម ត្រូវបានរួមតូចមកវិញដោយសារតែបន្ធូរដៃពីប្រទេសធំៗ​ដែលបានចូលរួមក្នុងជម្លោះ និងការថមថយឥទ្ធិពលនៃក្រុម ISIS នៅក្នុងតំបន់។ បន្ថែមពីនេះ​គិតចាប់តាំងពីឆ្នាំ២០១៨ ប្រជាជនស៊ីរីរាប់សែននាក់ក៏បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់​ពួកគេវិញផងដែរ ដោយមានការជួយពីអង្គការអន្តរជាតិ និងរដ្ឋាភិបាលទីក្រុងដាម៉ាស់៕