(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោកសី្រ កាង គ្យុងវ៉ា (Kang Kyung-wha) បានប្រាប់សមភាគីអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ថាការដាក់កំហិតការនាំចេញរបស់ជប៉ុន ប្រឆាំងនឹងកូរ៉េខាងត្បូង «គឺជាទង្វើមិនអាចទទួលយកបាន» ហើយទីក្រុងសេអ៊ូលសង្ឃឹមថា សហរដ្ឋអាមេរិកអាចនឹងជួយដោះស្រាយបញ្ហានេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយនាថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា លោកស្រី Kang Kyung-wha បានលើកឡើងបញ្ហាជាមួយជប៉ុន នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោក ប៉ុមប៉េអូ កាលពីថ្ងៃពុធ។ បន្ថែមពីលើនេះលោកស្រី ក៏បានបង្ហាញការព្រួយបារម្ភផងដែរ
ដោយខា្លចក្រែងជម្លោះពាណិជ្ជកម្មបច្ចុប្បន្ន អាចនឹងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងមិត្តភាព រវាងជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាមួយការរំពឹងថា ជប៉ុនអាចនឹងលុបចោលការដាក់កំហិតទៅវិញ។

ដោយឡែក ជាការឆ្លើយតបនឹងការព្រួយបារម្ភរបស់កូរ៉េខាងត្បូង លោក ប៉ុមប៉េអូ បានព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងភាគីទាំង៣ ស្របពេលក្រុមអ្នកជំនាញ យល់ថាកូរ៉េខាងត្បូងអាចនឹងស្នើសុំជំនួយពីទីក្រុងវ៉ាស៊ីនតោន ឱ្យជួយដោះស្រាយជម្លោះជាមួយ ទីក្រុងតូក្យូ។

គួរបញ្ជាក់ថា ជប៉ុនកាលពីសប្ដាហ៍មុន បានដាក់កំហិតលើការលក់វត្ថុធាតុដើម សម្រាប់ផលិតអេក្រង់ទូរស័ព្ទស្មាតហ្វូន និងបន្ទះឈីប ឱ្យបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង ហើយក៏បានអះអាងជាបន្តបន្ទាប់ទៀតថា ទីក្រុងតូក្យូនឹងរក្សាជំហរនេះមិនផ្លាស់ប្តូរឡើយ។

ប៉ុន្តែទន្ទឹមគ្នានេះ ទីក្រុងសេអ៊ូលក៏បានព្រមានតបទៅវិញដែរថា ខ្លួនគ្មានជម្រើសអ្វីផ្សេងក្រៅពីចាត់វិធានការឆ្លើយតបនោះទេ បើទីក្រុងតូក្យូនៅតែមិនព្រមលុបចោលការកំហិត ដែលត្រូវបានធ្វើឡើងជាការសងសឹកទៅនឹងតុលាការកូរ៉េខាងត្បូង ដែលបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនខ្លះ សងសំណងដល់ប្រជាជនកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការក្នុងឧស្សហកម្មជប៉ុន នៅអំឡុងសង្រ្គាមលោកលើកទី ២ នោះ៕