(ប៉េកាំង)៖ ប្រធានប្រតិភូចិនដែលបានរួមកិច្ចប្រជុំ នៃទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) លោក ហ៊្វូ កុង (Fu Cong) បាននិយាយថា សហគមន៍អន្តរជាតិមិនគួរបញ្ចេញប្រតិកម្មជ្រុលហួសហេតុ ដោយគ្មានហេតុផលចំពោះសកម្មភាពនុយក្លេអ៊ែអ៊ីរ៉ង់នាពេលថ្មីៗនេះទេ ព្រោះវាមិនបានបង្កជាហានិភ័យធ្ងន់ធ្ងរអ្វីនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

លោក Fu Cong បានគូសបញ្ជាក់នៅក្រោយកិច្ចប្រជុំ នៅថ្ងៃពុធសប្ដាហ៍នេះយ៉ាងដូច្នេះថា «សហគមន៍អន្តរជាតិមិនគួរបញ្ចេញប្រតិកម្មខ្លាំងហួសហេតុ និងគ្មានហេតុផល ចំពោះសកម្មភាពរបស់អ៊ីរ៉ង់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរនោះទេ ដ្បិតសកម្មភាពទាំងនេះ មិនបានបង្កជាហានិភ័យអ្វីធ្ងន់ធ្ងរទាល់តែសោះ ពោលគឺវាគ្រាន់តែជាសកម្មភាព មិនគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរតែប៉ុណ្ណោះ»

គួរជម្រាបថា កិច្ចប្រជុំ IAEA ត្រូវបានធ្វើឡើងតបតាមសំណើរបស់សហរដ្ឋអាមេរិក បន្ទាប់ពីអ៊ីរ៉ង់ប្រកាសចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ឱ្យលើសកម្រិតដែលត្រូវដាក់កំហិត នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។ សហរដ្ឋអាមេរិកក៏បានសន្យាដែរថា នឹងបន្តដាក់សម្ពាធ ព្រមទាំងទណ្ឌកម្មសេដ្ឋកិច្ចរហូតទាល់តែអ៊ីរ៉ង់ បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ ដែលអ៊ីស្រាអែល និងអាមេរិកផ្ទាល់មើលឃើញថា ជាមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅថ្ងៃអនាគត៕