(ប៊ែរឡាំង) អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មើគែល ត្រូវបានគេថតជាប់ដោយមាន អាការៈញ័រខ្លួនជាលើកទី ៣ នៅថ្ងៃពុធនេះ ខណៈប្រជាជនអាល្លឺម៉ង់បានសម្តែងនូវការព្រួយបារម្ភ កាន់តែខ្លាំងឡើង ចំពោះស្ថានភាពទ្រុឌទ្រោមនៃមេដឹកនាំប្រទេសពួកគេ។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។

ការចាប់អារម្មណ៍ និងការព្រួយបារម្ភពីសុខភាពរបស់លោកស្រី មឺគែល បានកើតឡើងជាថ្មី កំឡុងពេលអធិការបតីអាល្លឺម៉ង់រូបនេះ ទទួលស្វាមគមន៍នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក អាន់ទី រីនណេ (Antti Rinne) ដែលបំពេញទស្សនកិច្ចមកកាន់ទីក្រុងប៊ែរឡាំង។ លោកស្រី មឺគែល បានបង្ហាញអការៈញ័រខ្លួនជាលើកទី ៣ នៅពេលលោកស្រីកំពុងសម្លឹងមើលកងយោធា សម្ដែងក្បួនស្វាគមន៍ចំពោះការមកដល់នៃលោក Rinne នៅថ្ងៃពុធនេះ។ លោកស្រីក៏ធ្លាប់បានញ័រខ្លួនស្ទើតែទប់ខ្លួនមិនរួចផងដែរ កំឡុងពេលចូលរួមក្នុងពិធីតែងតាំងរដ្ឋមន្ត្រីយុត្តិធម៌អាល្លឺម៉ង់ថ្មី នៅទីក្រុងប៊ែរឡាំងកាលពីថ្ងៃទី ២៧ ខែមិថុនា។

គួរបញ្ជាក់ថា លោកស្រី អាន់ជែលឡា មឺគែល ត្រូវបានគេថតជាប់នូវអការៈញ័រខ្លួនជាលើកដំបូង នៅពេលលោកស្រីចាប់ដៃជាមួយប្រធានាធិបតីអ៊ុយក្រែនថ្មី លោក វ៉ូឡូឌីមៀ ហ្សេឡិនស្កាយ (Volodymyr Zelensky) កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅក្នុងរដ្ឋធានីប៊ែរឡាំង៕

Advertising