(ស៊ីដនី)៖ អាជ្ញាធរប៉ាពួញូហ្គីណេបានឲ្យដឹងថា យ៉ាងហោចណាស់មានកុមារ និងស្ត្រីសរុប១៦នាក់ ត្រូវបានសម្លាប់យ៉ាងសាហាវឃោឃៅបំផុត ក្នុងហេតុការណ៍បាញ់ប្រហារគ្នាយ៉ាងរង្គាលមួយ នៅខ្ពង់រាបនៃខេត្តហេឡា ប្រទេសប៉ាពួញូហ្គីណេ។ នេះបើតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហ៊ួ នារសៀលថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ។

បន្ទាប់ពីទទួលបានព័ត៌មានអំពីហេតុការណ៍ដ៏គួរឱ្យរន្ធត់ ដែលត្រូវបានគេជឿថា បានកើតឡើងកាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ហ្សែមស៍ ម៉ារ៉េប (James Marape) នាយករដ្ឋមន្រ្តីប្រទេសប៉ាពួញូហ្គីណេ បានធ្វើការចូលរួមសម្តែងមរណទុក្ខភ្លាមៗ លើប្រព័ន្ធទំនាក់ទំនងសង្គម តាមរយៈសារមួយយ៉ាងដូច្នេះថា «ថ្ងៃនេះ គឺជាថ្ងៃដ៏សោកសៅបំផុតក្នុងឆាកជីវិតខ្ញុំ។ ក្មេងៗ និងស្រ្តីជាម្តាយដ៏ស្លូតត្រង់ជាច្រើននាក់ ត្រូវបានសំលាប់យ៉ាងសាហាវ ដោយពួកខ្មាន់កាំភ្លើង»។ លោកនាយករដ្ឋមន្ត្រី ដែលបានទើបឡើងកាន់តំណែងថ្មីថ្មោងនេះក៏បានសន្យាផងដែរថា នឹងចាត់វិធានការ វែកញែករកមុខក្រុមជនឧក្រិដ្ឋ មកទទួលខុសត្រូវឲ្យខាងតែបាន។

លើសពីនេះទៀត លោកនាយករដ្ឋមន្ត្រីថែមទាំងបានព្រមានខ្លាំងៗ ទៅកាន់ឧក្រិដ្ឋជនទាំងនោះយ៉ាងដូច្នេះទៀតថា «ចំពោះអ្នកទាំងឡាយដែលមានកាំភ្លើង ហើយបាញ់សំលាប់គេ ហើយក៏បានលាក់ខ្លួននៅពីក្រោយរបាំងនៃសហគមន៍នេះ ចូររៀនសូត្រពីអ្វីដែលខ្ញុំនឹងធ្វើ ចំពោះឧក្រិដ្ឋជនដូចអស់អ្នក ដែលបានសម្លាប់មនុស្សស្លូតត្រង់។ ខ្ញុំមិនខ្លាចក្នុងការប្រើវិធានការខ្លាំងបំផុត ទៅតាមច្បាប់ដើម្បីប្រឆាំងឧក្រិដ្ឋជននោះទេ»

គួរបញ្ជាក់ថា មូលហេតុនៃការសម្លាប់រង្គាលនេះ នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។ ខណៈលោកអភិបាលខេត្តហេឡា បានប្រាប់ទៅសារព័ត៌មានអូស្រ្តាលីមួយ នៅរសៀលថ្ងៃពុធនេះថា ហេតុផលនៅពីក្រោយការសម្លាប់យ៉ាងរង្គាលនេះ ទំនងកើតចេញមកពីការចងកំហឹងសងសឹកគ្នាទៅវិញទៅមក។ លើសពីនោះ លោកក៏បាននិយាយទៀតថា «យើងមិនដែលបានឮពីការប៉ះទង្គិចគ្នារវាងកុលសម្ព័ន្ធ កើតឡើងនៅក្នុងតំបន់នេះទេ។ វាគឺជាការរាលដាលចេញពីតំបន់ផ្សេងមួយទៀត ដែលគ្មាននរណាម្នាក់អាចរំពឹងទុកជាមុន»

គួរជម្រាបថា តំបន់ខ្ពង់រាបស្ថិតក្នុងខេត្តហេឡានេះ គឺជាតំបន់ដាច់ស្រយាល ហើយសហគមន៍នៅទីនោះ នៅតែប្រកាន់យកបែបប្រពៃណីបុរាណរបស់កុលសម្ព័ន្ធនិមួយៗ។ ដោយឡែកភូមិតូចៗនៅទីនោះទៀតសោត ពុំទាន់មានហេដ្ឋារចនាសម្ព័នផ្លូវថ្នល់នៅឡើយទេ៕