(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីនាថ្ងៃអង្គារសប្តាហ៍នេះបានថ្លែងថា មហាអំណាចសេដ្ឋកិច្ចពិភពលោកខ្លះ កំពុងតែប្រជែងជាមួយគូប្រកួតរបស់ខ្លួន តាមរយៈការដាក់គំនាបគាបសង្កត់យ៉ាងខ្លាំង តែទង្វើបែបនេះនឹងគ្មានផ្តល់ប្រយោជន៍អ្វី តបស្នងឲ្យពួកគេវិញឡើយ ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានលើកឡើងដូច្នេះថា «ប្រទេសមហាអំណាចសេដ្ឋកិច្ចខ្លះដែលធ្លាប់តែគិតថា នៅលើពិភពលោកនេះ គឺមានតែខ្លួនឯងប៉ុណ្ណោះដែលខ្លាំងជាងគេ នាពេលថ្មីៗនេះស្រាប់តែភ័យខ្លួន ហើយបានចាប់ផ្តើមដាក់គំនាបលើ ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសដែលជាគូប្រជែងរួមមានចិន និងរុស្ស៊ីផ្ទាល់ ជាជាងផ្តោតលើការអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អ ដើម្បីប្រកួតប្រជែងដោយស្មើភាពលើឆាកអន្តរជាតិ»។ លោក ពូទីន បានសង្កត់ធ្ងន់ថា ទង្វើបែបនេះគឺនឹងគ្មានផ្តល់ផលតបស្នងអ្វីល្អទៅវិញឡើយ»

គួរជម្រាបថា តាមរយៈការលើកឡើងខាងលើគឺលោក ពូទីន ចង់សំដៅចំពោះសហរដ្ឋអាមេរិកតែម្តង ព្រោះលោកក៏បានរំលេចផងដែរ នូវការហួសចិត្តជុំវិញការដែលអាមេរិក បានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei កាលពីកន្លងទៅ និងការហាមនិស្សិតចិនមិនឲ្យសិក្សាមុខជំនាញមួយចំនួន នៅក្នុងសាកលវិទ្យាល័យអាមេរិកថែមទៀត។

លោកប្រធានាធិបតីរុស្ស៊ីបានបន្ថែមថា សហរដ្ឋអាមេរិកហាក់មិនយល់នោះឡើយថា នៅក្នុងយុគសម័យសកលភាវូបនីយកម្ម វាមិនអាចទៅរួចដាច់ខាតក្នុងការព្យាយាមបិទទ្វារខ្លួនឯង ព្រោះថាចំណេះដឹងព្រមទាំងបច្ចេកវិទ្យា នឹងត្រូវតែហូរជ្រាបចូលទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ និងទៅកាន់តំបន់អាស៊ី ហើយប្រទេសទាំងនោះខ្លះនឹងត្រូវតែប្រែខ្លួនក្លាយទៅជាប្រទេសអភិវឌ្ឍន៍ រីកចម្រើនដោយមិនអាចចៀសបានឡើយ៕