(ប៉េកាំង)៖ យន្ដហោះដ្រូនបំបាំងកាយធុន CH-7 បានបង្ហាញខ្លួនជាលើកទី ២ នៅក្នុងវីដេអូ ផ្សព្វផ្សាយមួយរបស់រដ្ឋាភិបាលចិន។ យន្ដហោះដ្រូននេះត្រូវបានរចនាឡើងសម្រាប់បំពេញ ប្រតិបត្តិការចេញពីនាវាផ្ទុកយន្ដហោះចម្បាំង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។

ការចេញផ្សាយវីដេអូខាងលើ ធ្វើឡើងនាឱកាសប្រារព្ធខួបលើកទី ៥០ នៃការហោះហើរជាលើក ដំបូងរបស់យន្ដហោះចម្បាំង J-8 ផលិតឡើងដោយក្រុមហ៊ុនចិន សេងយ៉ាង (Shenyang Aircraft Corporation) កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

គួរជម្រាបថា ក្រៅពីចិន បណ្ដាប្រទេសជាច្រើនទៀតដូចជាសហរដ្ឋអាមេរិក ក៏បានចាប់ផ្ដើមបង្ហាញយន្ដហោះដ្រូនបំបាំងកាយផងដែរ ដោយក្នុងនោះទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការសាកល្បង លើយន្ដហោះដ្រូន 47B និង MQ-25 Stingray ដែលត្រូវបានរចនាឡើងសម្រាប់បំពេញប្រតិបត្តិការ ចេញពីនាវាផ្ទុកយន្ដហោះចម្បាំង៕