(តេហេរ៉ង់)៖ រដ្ឋមន្ត្រីវប្បធម៌ និងកិច្ចការសង្គមអ៊ីរ៉ង់លោក ហូស្សេន ណេចាត (Hossein Nejat) បានព្រមានជាថ្មីថា យោធាអ៊ីរ៉ង់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបើកការវាយប្រហារ ដោយគ្រាប់មីស៊ីលបាញ់កម្ទេច នាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក ដែលកំពុងចល័តទៅមកនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។

ការព្រមានខាងលើរបស់លោក Hossein Nejat កើតមានឡើងចំពេលមានការរំពឹងជាច្រើនថា ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់នឹងផ្ទុះឡើងជាថ្មី ក្រោយអ៊ីរ៉ង់ចាប់ផ្ដើមបង្កើនការចម្រាញ់ អ៊ុយរ៉ាញ៉ូមឡើងវិញ។ លោក Nejat បានលើកឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះយ៉ាងដូច្នេះថា «មីស៊ីល អ៊ីរ៉ង់អាចបាញ់ទៅដល់មូលដ្ឋានយោធាអាមេរិកទាំងអស់នៅក្នុងតំបន់... ហើយមីស៊ីលរបស់យើងក៏មាន សមត្ថភាពកម្ទេចនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកផងដែរ បើសិនជាពួកគេហ៊ានបើកការវាយប្រហារ ណាមួយលើពួកយើងមុន»។

ទោះបីជាយ៉ាងនេះក្ដីបើតាមលោក Hossein Nejat ការធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់មិនមែនជារបៀប វារៈរបស់លោក ដូណាល់ ត្រាំ ឡើយ ពីព្រោះអាមេរិកដឹងយ៉ាងច្បាស់ពីផលវិបាកនៃសង្រ្គាម ហើយសម្ពាធ ឬទណ្ឌកម្មរបស់អាមេរិកគ្រាន់តែបង្ខំឱ្យអ៊ីរ៉ង់ត្រឡប់ទៅរកតុចរចាវិញតែប៉ុណ្ណោះ។

គួរជម្រាបថា នៅក្នុងសប្ដាហ៍នេះអ៊ីរ៉ង់បានប្រកាសបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ ដោយរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ជាមួយមហាអំណាចលោកខាងលិច ជាការឆ្លើយតបនឹងសហរដ្ឋអាមេរិក ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ និងដាក់ទណ្ឌកម្ម ជាថ្មីប្រឆាំងទីក្រុងតេហេរ៉ង់។ លើសពីនេះទៅទៀត អ៊ីរ៉ង់ក៏បានព្រមានទុកជាមុនដែរថា ខ្លួននឹងកាត់បន្ថយ ក៏ដូចជាលុបចោលចោលការប្ដេជ្ញាចិត្តរបស់ខ្លួននានា នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជារៀងរាល់ ៦០ថ្ងៃម្ដង បើសិនជានៅតែគ្មានដំណោះស្រាយពីសហភាពអឺរ៉ុប៕