(ម៉ូស្គូ)៖ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បានព្រមានថាអ៉ីរ៉ង់នឹងមិន អាចរួចខ្លួនពីយន្ដហោះចម្បាំងអ៉ីស្រាអែលឡើយ បើសិនជាសង្រ្គាមផ្ទុះឡើងមែននោះ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០១៩។

លោក ណឺតាន់យ៉ាហ៊ូ ធ្វើការព្រមានបែបនេះនៅចំពោះមុខកងទ័ពអាកាសអ៉ីស្រាអែល និងជាការ ឆ្លើយតបទៅនឹងសមាជិកសភាជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់ ដែលបានព្រមានកម្ទេចអ៉ីស្រាអែល ត្រឹមតែរយៈ ពេលកន្លះម៉ោងប៉ុណ្ណោះ។ លោក ណឺតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ដូច្នេះថា៖ « អ៉ីរ៉ង់នាពេលថ្មីៗ នេះ បានព្រមានកម្ទេចអ៉ីស្រាអែល ប៉ុន្តែពួកគេភ្លេចគិតថា យន្ដហោះចម្បាំងរបស់យើងនឹងហោះ ពីលើក្បាលរបស់ពួកគេ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ»។

គួរជម្រាបថា បច្ចុប្បន្ន ស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា ឡើងកម្ដៅជាថ្មី ក្រោយអ៉ីរ៉ង់ប្រកាស បង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ បើទោះជាមានការព្រមានពីសំណាក់ទីក្រុង វ៉ាស៊ីនតោន ក៏ដោយ៕

Advertising