(អ៉ីស្តង់ប៊ុល)៖ រដ្ឋអាជ្ញាតួកគី នៅថ្ងៃអង្គារ៍នេះ បានចេញដីកាឃាត់ខ្លួនយោធា២១១នាក់នៅទូទាំង ប្រទេស ដែលត្រូវបានចោទថាមានជាប់ទាក់ទិននឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០១៦ កន្លងទៅតែមិនបានសម្រេច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួរ នារសៀលថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

យោងតាមទូរទស្សន៍ក្នុងស្រុក ប៉ូលិសបានបើកប្រតិបត្តិការចាប់ខ្លួនយោធា១៧៦នាក់ ស្របតាម ការបញ្ជារបស់ការិយាល័យអគ្គរដ្ឋអាជ្ញាទីក្រុងអ៊ីស្តង់ប៊ុល។ ជនសង្ស័យទាំងនេះបានចងគ្នាជា បណ្តាញនៅក្នុងសាខាផ្សេងៗនៃកងកម្លាំងប្រដាប់អាវុធតួកគី និងបានបញ្ជូនសារទាក់ទងគ្នា ទៅវិញទៅមករវាងពីមេដឹកនាំ និងសមាជិក។

ដោយឡែក នៅក្នុងការស៊ើបអង្កេតដាច់ដោយឡែកមួយ ដែលធ្វើឡើងដោយការិយាល័យ អគ្គរដ្ឋអាជ្ញា នៅក្នុងទីក្រុងអ៊ីស្មៀ (Izmir) អាជ្ញាធរបានបញ្ជាឱ្យចាប់ឃុំឃាំងជនសង្ស័យចំនួន៣៥ នាក់ ដោយក្នុងនោះរួមមានយោធា២០នាក់ និងអតីតយោធា១៥នាក់ ពីបទជាប់សង្ស័យ ទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦កន្លងទៅផងដែរ៕