(ញូដេលី)៖ តារា TikTok ៥នាក់ នៅក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា ត្រូវបានប៉ូលិសចាប់ខ្លួន នៅថ្ងៃចន្ទសប្ដាហ៍នេះ ពីបទចោទប្រកាន់ថាបានបង្ហោះវីដេអូញុះញង់ឱ្យមានការស្អប់ខ្ពើម។ នេះ បើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។

យោងតាមប៉ូលិសឥណ្ឌា ការចាប់ខ្លួនបុរសទាំង៥នាក់ខាងលើ ធ្វើឡើងបន្ទាប់ពីពួកគេបានបង្ហោះ វីដេអូមួយដោយអំពាវនាវឱ្យមានការសងសឹកជួសបុរសម៉ូស្លីមម្នាក់ ដែលត្រូវបានគេសម្លាប់ ដោយចោទថាព្យាយាមលួចម៉ូតូមួយគ្រឿងនៅក្នុងរដ្ឋ Jharkhand ភាគខាងជើងនៃប្រទេសឥណ្ឌា កាលពីខែមិថុនា កន្លងទៅ។

តារា TikTok ៥នាក់នេះ បាននិយាយនៅក្នុងវីដេអូបង្ហោះ មុនពេលត្រូវលុបចេញដូច្នេះថា៖«អ្នក បានសម្លាប់ Tabrez (បុរសម៉ូស្លីម)...ហើយនៅថ្ងៃស្អែក បើកូនប្រុសរបស់គាត់ទៅសងសឹកអ្នកវិញ ចូរអ្នកកុំហៅថាម៉ូស្លីមទាំងអស់ជាភេរវករឱ្យសោះ»។

គួរបញ្ជាក់ថា ភាពចម្រូសចម្រាសមួយក៏បានកើតឡើងផងដែរ ក្រោយមានការបង្ហោះសារលើ បណ្ដាញទំនាក់ទំនងសង្គមថា ម្នាក់ក្នុងចំណោមតារាទាំង៥នាក់ គឺជាតារាចម្រៀងរបស់ក្រុមហ៊ុន តន្ត្រីដ៏ល្បីមួយនៅក្នុងប្រទេសឥណ្ឌា។ ប៉ុន្តែ ខាងក្រុមហ៊ុនបានទាត់ចោលការចោទប្រកាន់នេះ៕