(កាលីហ្វ័រញ៉ា)៖ គ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ ដែលបានវាយប្រហារលើតំបន់ភាគខាងត្បូង រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានបង្កឱ្យមានស្នាមប្រេះតូចជាច្រើននៅក្នុងតំបន់ Indian Wells Valley ដែលនេះជាសញ្ញា​នាំឲ្យមានការព្រួយបារម្ភបន្ថែមទៀត អំពីអនាគតនៃរដ្ឋកាលីហ្វ័រញ៉ា ខណៈអ្នកជំនាញខ្លះបានព្រមានអំពីគ្រោះរញ្ជួយដី ដែលនឹងបន្តកើតមានឡើងកាន់តែធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។

រូបភាពផ្កាយរណបថតដោយក្រុមហ៊ុន Planet Labs Inc និងត្រូវបានចែករំលែកបន្តដោយ
ប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ាបានបង្ហាញពីស្នាមប្រេះ បាននៅទូទាំងតំបន់ទីវាលគ្មានមនុស្សរស់នៅ និងផ្លូវ Highway 178 ស្ថិតនៅជាយទីក្រុងត្រូណា (Trona) នៃតំបន់ សាន់ប៊ឺណាឌីណូ (San Bernardino) ជាដើម។ តំបន់ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលស្ថិតនៅជាប់មហាសមុទ្រ​ប៉ាស៊ីហ្វិកមួយនេះ ក៏ត្រូវបានចាត់បញ្ចូលទៅក្នុងតំបន់ខ្សែក្រវាត់ភ្លើង «Ring of Fire» ផងដែរ ដោយវាមានន័យថា តំបន់ខាងលើនេះជាទីតាំងដែលងាយរងគ្រោះធម្មជាតិអាក្រក់ៗ ដូចជាបន្ទុះភ្នំភ្លើង និងរញ្ជួយដីខ្លាំងជាងគេ​បំផុត នៅលើភពផែនដី។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៤រ៉ិចទ័រ វាយប្រហារលើតំបន់ស្ថិតនៅចំងាយ ១៩៦គីឡូម៉ែត្រ ពីភាគឦសានទីក្រុងឡូសអាន់ជែលឡែស។ ពុំមានមនុស្សរងគ្រោះថ្នាក់ដល់បាត់បង់ជីវិតនោះឡើយ ប៉ុន្តែបើតាមការចេញផ្សាយព័ត៌មានកន្លងមក វាបាននិងកំពុងធ្វើឲ្យប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ា​កាន់តែច្រើនឡើងៗព្រួយបារម្ភពីអនាគតរបស់ពួកគេ៕