(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន (Mike Pence) បានសន្យាថា សហរដ្ឋអាមេរិកនឹងបន្តដាក់ទណ្ឌកម្មជាអតិបរមាប្រឆាំងនឹងអ៊ីរ៉ង់ ព្រមទាំងការពារផលប្រយោជន៍អាមេរិកពីការ គំរាមកំហែងនានា ក្រោយទីក្រុងតេហេរ៉ង់ចាប់ផ្ដើមបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ២០១៩។

ការលើកឡើងខាងលើរបស់លោក Mike Pence ធ្វើឡើងតែប៉ុន្មានម៉ោងបន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអាមេរិក និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកសុទ្ធតែព្រមានដូចៗគ្នាថា នឹងបង្កើនការដាក់សម្ពាធ និងទណ្ឌកម្មសេដ្ឋកិច្ច រហូតទាល់តែអ៊ីរ៉ង់បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ។

នៅចំពោះមុខអ្នកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃអង្គការគ្រីស្ទៀនគាំទ្រអ៊ីស្រាអែល លោក Pence បានគូសបញ្ជាក់ដូច្នេះថា «អ៊ីរ៉ង់មិនគួរយល់ច្រឡំចំពោះការអត់ធ្មត់របស់សហរដ្ឋអាមេរិក ដោយគ្រាន់តែឃើញយើងនៅស្ងៀមៗនោះទេ... ហើយបើទោះជាយើងចង់ឱ្យអ្វីគ្រប់យ៉ាងប្រសើរ ឡើងក៏ដោយ ប៉ុន្តែសហរដ្ឋអាមេរិក និងយោធារបស់យើងបានត្រៀមខ្លួនជាស្រេច ដើម្បីការពារផលប្រយោជន៍ យោធា និងពលរដ្ឋរបស់យើងនៅក្នុងតំបន់»

គួរជម្រាបថា នៅក្នុងសប្ដាហ៍នេះ អ៊ីរ៉ង់បានសម្រេចចិត្តចាប់ផ្ដើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម​ឱ្យលើស ៣.៦៧ភាគរយ ជាកម្រិតមួយត្រូវបានកំណត់នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ ដែលអាមេរិកដកខ្លួនដោយឯកតោភាគីកាលពីឆ្នាំ២០១៨។ អ៊ីស្រាអែលតែងតែចោទ ប្រកាន់ជារឿយៗថា កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ គឺមានគោលដៅផលិតអាវុធនុយក្លេអ៊ែរយ៉ាងពិតប្រាកដ ប៉ុន្តែនៅតែរក្សាជំហរដដែលថា ខ្លួនអភិវឌ្ឍន៍នុយក្លេអ៊ែរដើម្បីផលិតថាមពលប៉ុណ្ណោះ៕